(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឱ្យផ្អាកដំណើរការសាលារៀនទាំងឯកជននិងរដ្ឋ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ផ្អាកការសិក្សារយៈពេលពីរសប្តាហ៍។ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការនេះ តាមរយៈសារពិសេសមួយផ្ញើជូនជនរួមជាតិនៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានស្នើអ្នករៀបពិធីមង្គលការនានា បើអាចពន្យារបានសូមពន្យារការរៀបចំកម្មវិធីផងដែរ។ ប្រសិនបើមិនអាចពន្យារ សូមកាត់បន្ថយចំនួនអ្នកចូលរួមនៅតិចបំផុតតាមអាចធ្វើទៅបាន។

នៅក្នុងសារសំឡេងឆ្លើយតបនឹងការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើប្រជាពលរដ្ឋ ជាពិសេសអ្នករត់ម៉ូតូកង់បី តាក់ស៊ី និង Pass App ដែលដឹងថា ជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សូមទៅយកសំណាក និងធ្វើចត្តាឡីស័ក។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើទៅកាន់ពលរដ្ឋនៅភ្នំពេញ បើគ្មានការចាំបាច់សូមកុំចេញក្រៅផ្ទះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ស្នើតាមក្រសួងស្ថាប័នពិចារណាផ្អាកកម្មវីធីនានាផងដែរ។ តែបើមិនអាចផ្អាកអាចធ្វើតាមអនឡាញ។ សម្តេចតេជោក៏នឹងពិចារណាផ្អាកកម្មវិធីរបស់សម្តេច ចំនួនពីរនៅក្នុងសប្តាហ៍នេះផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើអភិបាលរាជធានីបន្តចែកម៉ាស់ជូនប្រជាពលរដ្ឋ ហើយស្នើប្រជាពលរដ្ឋបន្តប្រើម៉ាស់ពេលទៅទីសាធារណៈ។

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើអ្នកនៅតាមខេត្ត បើមិនបាច់សូមផ្អាកការធ្វើដំណើរចូលរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយហានិភ័យនៃការចម្លង៕