(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សារាជរដ្ឋាភិបាល ទទួលបន្ទុកកិច្ចការប្រវត្តិសាស្ត្រ និងអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារប្រវត្តិសាស្រ្តយោធា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបង្ហាញពីវឌ្ឍនភាពវិមានឈ្នះឈ្នះ ក្រោយការបញ្ចុះបឋមសិលាសាងសង់បានរយៈពេល៥ឆ្នាំ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

វិមានឈ្នះឈ្នះ ត្រូវបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមវត្តមានរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ សាងសង់វិមានឈ្នះឈ្នះ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នាយឧត្តមសេនីយ៍ បានរៀបរាប់ទៀតថា គោលការណ៍នៅក្នុងកសាង ការស្ថាបនាវិមានឈ្នះឈ្នះ មិនមានបង្ហាញរំលឹក ឬបង្កើតអ្វីដែលជាជម្លោះ ជាការទាស់ទែង និងជាភាពទោមនស្សនោះទេ។ នៅក្នុងចម្លាក់ក្បាច់រចនា រូបភាពដែលមានទាំងអស់ ពេញបរិវេណសំណង់វិមានឈ្នះឈ្នះ គឺជាទីស្ថានរបស់មនុស្សគ្រប់គ្នា ដែលរំលឹកដល់ការដឹងគុណដល់បុព្វបុរស ការដឹងគុណដល់ការទទួលបានសន្តិភាព ការដឹងគុណចំពោះការកសាងបាននូវការអភិវឌ្ឍ និងផ្តល់នូវភាពសុខដុម បង្កើតការយល់ បង្កើតការសោមនស្សគ្នាទៅវិញទៅមក ដោយមានការចូលរួមមិនមានលក្ខខណ្ឌ ការចូលរួមទាំងទឹកចិត្ត ការថែរក្សាការចូលរួមនូវការផ្តល់។

លោកថា ការយល់ឃើញវិមានឈ្នះឈ្នះ គឺជាតឹកតាងនៃសន្តិភាព ភាពសុខដុម និងជាទីតាំងផ្តល់នូវភាពរីករាយ ក្តីសោមនស្ស ត្រជាក់ត្រជុំ និងផ្តល់នូវការចូលរួមគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីបម្រើឱ្យសេចក្តី ត្រូវការនៃការចង់ដឹងចង់ឃើញ ចង់យល់នូវប្រវត្តិសាស្ត្រពិតរបស់កម្ពុជា ដែលធ្លាប់មានខ្លះ កំពុងមាន និងអាចនឹងមានតទៅនោះ គឺសំដៅទៅលើប្រវត្តិសុខដុមនីយកម្មសម័យកាល ប្រវត្តិនៃដំណើរការរៀបចំសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិល និងសមិទ្ធផលដែលមានជាក់ស្តែងដែលមានតឹកតាងពិតប្រាកដ៕

សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អំពីវឌ្ឍនភាព នៃវិមានឈ្នះ-ឈ្នះ រយៈពេល៥ឆ្នាំ ដូចខាងក្រោម៖