(ភ្នំពេញ)៖ វិស័យទេសចរណ៍ក្នុងស្រុក បាននិងកំពុងងើបឡើងបន្ដិចទៅហើយ បន្ទាប់ពីជំងឺកូវីដ១៩ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន និងធូរស្បើយជាងមុន។ ប៉ុន្ដែពេលនេះទេសចរណ៍ក្នុងស្រុក អាចនឹងដួលដេកទៅវិញ ដោយសារតែការផ្ទុះឡើងសារជាថ្មីនៃ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ឬអាចហៅថា «សហគមន៍២០កុម្ភៈ»។

លោក ហូរ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានលើកឡើថា «សម្រាប់ព្រឹត្តិការការផ្ទុះឡើងនៃជំងឺកូវីដ១៩លើកទី៣នេះ ឬហៅថាសហគមន៍២០កុម្ភៈ ពិតជាបង្កផលប៉ះពាល់ និងធ្ងន់ធ្ងរជាងលើកទី១ និងលើកទី២ ដោយសារតែបានឆ្លងក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តជិតខាង ក្នុងនោះមានខេត្តកណ្ដាល និងខេត្តព្រះសីហនុ»។

លោកបានបន្ដថា ជាក់ស្ដែងបន្ទាប់ពី ការផ្ទុះឡើងនៃជំងឺកូវីដ១៩ទាំងលើកទី១ និងលើកទី២ បានធ្វើឲ្យទេសចរណ៍ក្នុងស្រុក បានស្ទុះងើបបន្ដិចហើយ ប៉ុន្ដៃព្រឹត្តិការណ៍ទី៣នេះនឹងធ្វើឲ្យ ទេសចរណ៍ក្នុងស្រុកកាន់តែស្ងប់ស្ងាត់ឡើង។

លោកបានបញ្ជាក់ថា «ក្នុងករណីដែលជំងឺកូវីដ១៩នេះ នៅតែបន្ដមិនត្រឹមតែប៉ះពាល់ វិស័យទេសចរណ៍នោះទេ ប៉ុន្ដែបានប៉ះពាល់លើវិស័យផ្សេងៗជាច្រើនទៀត។ ចំណែកឯក្នុងវិស័យអាជីវកម្ម ដែលរំពឹងលើវិស័យទេសចរណ៍នេះ ប្រសិនបើប្រជាពលរដ្ឋមិនចេញដំណើរកំសាន្ដ ព្រោះថាក្នុងស្ថានភាពនេះ ប្រជាពលរដ្ឋបានអនុវត្តន៍វិធានការ (មិនចាំបាច់មិនចេញក្រៅផ្ទះ) ដូច្នេះខ្សែចង្វាក់សេវាកម្មទាំង៣មាន៖ ការដឹកជញ្ជូន, ការស្នាក់នៅ និងការហូបចុក នឹងផ្អាកដំណើរការ កាលណាខ្សែចង្វាក់ទាំង៣នេះ ផ្អាកដំណើរការហើយនោះ នឹងបង្កផលប៉ះពាល់ជាក់ជាមិនខាន»

សូមជម្រាបថា ដោយសារជួបវិបត្តិជំងឺកូវីដ១៩ នៅឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិតែ១.៣១ លាននាក់ប៉ុណ្ណោះ ដោយមានការថយចុះ៨០% និងទទួលបានភ្ញៀវទេសចរ ផ្ទៃក្នុងប្រមាណ៩លាននាក់ ថយចុះ២០% បើធៀបនឹងឆ្នាំ២០១៩៕