(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់មន្ទីរពេទ្យខេត្តកំពង់ចាម ជូនមន្ដ្រីដែលទទួលបានអាទិ៍ភាព។

អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការប្រឆាំងជំងឺកូវីដ-១៩ខេត្ត លោក អ៊ុន ចាន់ដា បានថ្លែងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលយើងទទួលបាននៅពេលនេះ អាចការពារអាយុជីវិតយើងឲ្យជៀសផុត ពីការឆ្លងជំងឺដ៏កាចសាហាវនេះ ព្រមទាំងជំរុញឲ្យយើងមានភាពក្លាហានម៉ឺងម៉ាត់ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីសម្រេចបានតាមការណែនាំរបស់រាជរដ្ឋាភិបាលផងដែរ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រសួងសុខាភិបាល ដែលបានខិតខំបង្កើតឲ្យមាននូវយុទ្ធនាការ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយបាននាំមកវ៉ាក់សាំងការពារ ដើម្បីចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម។

លោកអភិបាលខេត្ត ក៏បានសំណូមពរដល់អ្នកស្ម័គ្រចិត្តទទួលវ៉ាក់សាំងទាំងអស់ សូមឲ្យស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ ដើម្បីរក្សាគុណភាពថ្នាំវ៉ាក់សាំងឈានទៅការពារជំងឺកូវីដ១៩នេះ ឲ្យមានប្រសិទ្ធភាពផងដែរ។

ដោយឡែក លោកវេជ្ជបណ្ឌិត គឹម សួរភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវី១៩ សម្រាប់លើកទី១នេះ ក្នុងខេត្តកំពង់ចាមមានចំនួន០៩ទីតាំង រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកកោះសូទិន ព្រៃឈរ កងមាស ជើងព្រៃ បាធាយ ចំការលើ ស្ទឹងត្រង់ និងស្រុកស្រីសន្ធរ ដែលមានមន្ត្រីស្ម័គ្រចិត្តទទួលវ៉ាក់សាំងចំនួន ៣៨៣២នាក់ ក្នុងនោះមន្ត្រីសុខាភិបាលចំនួន ១.៩៣២នាក់ និងមន្ត្រីនគរបាលចំនួន ១.៩០០នាក់។

ដោយឡែកលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ក៏បានដឹកនាំគណៈស្នងការ និងមន្ដ្រីនគរបាលជាច្រើនរូប ចូលរួមចាក់វ៉ាក់សាំងស៉ីណូហ្វាម ដើម្បីប្រឆាំងជំងឺកូវីដ-១៩នេះផងដែរ។

ក្រោយចាក់រួចរាល់ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានណែនាំដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់មន្ដ្រីសុខាភិបាល ដើម្បីឲ្យវ៉ាក់សាំងនេះមានប្រសិទ្ធភាព។ បន្ថែមពីនេះ បើទោះបីចាក់វ៉ាក់សាំងនេះហើយក្ដី ក៏ត្រូវបន្ដអនុវត្តវិធានការ ៣ការពារ និង៣កុំ ដើម្បីបន្ដការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩។

គួរជម្រាបថា ក្រសួងសុខាភិបាល បានរៀបចំ និងបែងចែកវ៉ាក់សាំងស៉ីណូហ្វាម ដែលជាជំនួយរបស់សាធារណៈរដ្ឋប្រជាមានិតចិននេះ ទៅកាន់មន្ទីរពេទ្យនៅតាមបណ្ដាខេត្តនានា ដើម្បីចាក់ជូនបុគ្គលអាទិ៍ភាព ពិសេសកងកម្លាំងប្រដាប់អាវុធ និងមន្ដ្រីសុខាភិបាលផងដែរ៕