TOP NEWS: ទីបំផុតតុលាការកាត់ទោស លោក សម រង្ស៉ី ឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ហើយដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត, ឯបក្ខពួក៨នាក់ទៀត ជាប់ពន្ធនាគារ២០-២២ឆ្នាំ ​​​​(Video inside)

01-03-2021 16:37

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសសាលក្រមកាត់ទោសទណ្ឌិត សម រង្ស៉ី មេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។ នេះបើតាមមន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

ក្រៅពីកាត់ទោស លោក សម រង្ស៉ី, ក្នុងសវនាការនេះ តុលាការក៏បានកាត់ទោស លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ឱ្យជាប់ពន្ធនាគារចំនួន២២ឆ្នាំ និងកាត់ទោស លោកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់ពន្ធនាគារ២០ឆ្នាំផងដែរ។

សវនាការកាត់ទោស លោក សម រង្ស៉ី ធ្វើឡើងដោយលោក ឌុច សុខសារិទ្ធ ប្រធានក្រុមប្រឹក្សាជំនះជម្រះដោយមាន លោក សេង ហៀង តំណាងអយ្យការ។

លោក សម រង្ស៉ី ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទ ឧបឃាត តាមមាត្រា២៧ និង៤៥១ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩។

ក្រៅពីការកាត់ទោសឱ្យជាប់ពន្ធនាគារ ក្នុងបទល្មើសធ្ងន់ធ្ងរនេះ តុលាការក៏បានសម្រេច «ប្រកាសទោសបន្ថែមមួយចំនួន ដោយដកហូតជាស្ថាពរនូវសិទ្ធិបោះឆ្នោត និង សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» ជាដើម។

លោក សម រង្ស៉ី និងបក្ខពួក៨នាក់ផ្សេងទៀត រួមមាន លោក អេង ឆៃអ៊ាង, លោកស្រី មួរ សុខហួរ, លោក អ៊ូ ច័ន្ទឬទិ្ធ, លោក ហូរ វ៉ាន់, លោកឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោកស្រី ជូឡុង សួមួរ៉ា និង លោក នុត រំដួលកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពីបទ «ឧបឃាត» ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩៕