(សៀមរាប)៖ ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យខេត្តសៀមរាប នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ បានបំភ្លឺជាសាធារណៈថា មរណភាពរបស់លោកវេជ្ជបណ្ឌិត ស៊ាង តុលា ដែលជាមន្រ្តីបម្រើការនៅផ្នែកពិគ្រោះជំងឺក្រៅ និងសង្គ្រោះបន្ទាន់ដំបូងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺមិនមានការពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះទេ។

ក្នុងលិខិតស្រាយបំភ្លឺ ដែលថ្នាក់ដឹកនាំនៃមន្ទីរពេទ្យខេត្តសៀមរាប ផ្ញើជូនភ្នាក់ងារនៃបណ្ដាញសារព័ត៌មាន Fresh News នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ បានស្រាយបំភ្លឺថា តាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យ បញ្ជាក់ថា លោកវេជ្ជបណ្ឌិត ស៊ាង តុលា បានបាត់បង់ជីវិតដោយបញ្ហាសរសៃឈាមបេះដូង និងមិនមានជាប់ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ទេ។

បើតាមលិខិតបំភ្លឺនេះ, វេជ្ជបណ្ឌិត ស៊ាង តុលា ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាមន្ត្រីដ៏សកម្មបម្រីការនៅផ្នែកពិគ្រោះជំងឺក្រៅ និងសង្រ្គោះបន្ទាន់ដំបូង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានទទួលមរណភាពនៅក្នុងលំនៅដ្ឋាន ប្រហែលម៉ោង ៤ទៀបភ្លឺ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

លិខិតបានបន្ថែមថា៖ លោកវេជ្ជបណ្ឌិត បានបំពេញការងារជាធម្មតា គឺបានមកប្រជុំពេលព្រឹក និងបានពិនិត្យព្យាបាលជំងឺដូចសព្វដង រហូតវេលាម៉ោង ៣រសៀល គាត់បានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ (Sinophorm) នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ការពិនិត្យ និងវាយតម្លៃមុនចាក់របស់មន្ត្រីបម្រើការនៅកន្លែងចាក់វ៉ាក់សាំង ឃើញថា គាត់ពុំមានបញ្ហាដែលត្រូវហាមចាក់វ៉ាក់សាំងទេ។

បន្ទាប់ពីចាក់រួចគាត់បានគោរពតាមគោលការណ៍ ដោយបានសម្រាកឲ្យមន្ត្រីជំនាញតាមដាន ៣០នាទី បន្ទាប់ពីមកដោយសារពុំមានផលរំខាន និងបញ្ហាអ្វីដែលកើតមានឡើង គាត់ក៏ត្រឡប់មកបន្តការងារជាធម្មតារហូតដល់ម៉ោង៥រសៀល ទើបគាត់បានបើករថយន្តចេញទៅយកប្រពន្ធគាត់ ដែលបម្រើការនៅមន្ទីរពេទ្យកុមារអង្គរ រួចបន្តយកកូននៅសាលារៀនមកដាក់នៅឯគេហដ្ឋានគាត់ រួចគាត់ក៏ត្រឡប់មកធ្វើការនៅមន្ទីរពេទ្យបង្អែកវិញរហូតដល់ម៉ោង ៨យប់ ទើបត្រឡប់ទៅសម្រាកនៅឯផ្ទះវិញ។

តាមលិខិតបំភ្លឺនេះ, ប្រពន្ធជនរងគ្រោះ និងមិត្តភក្តិរបស់គាត់ បានបញ្ជាក់ថាវេជ្ជបណ្ឌិត ស៊ាង តុលា មានបញ្ហាថប់ដង្ហើមនៅពេលដេក និងមានស្រមុកខ្លាំង ពិសេស១សប្តាហ៍ចុងក្រោយនេះ ព្រមទាំងមានប្រវត្តិឈឺទ្រូង និងឧស្សាហ៍ពិនិត្យអគ្គិសនីបេះដូងជាញឹកញាប់ផងដែរ។

លិខិតបញ្ជាក់បន្ថែមថា៖ ភរិយារបស់គាត់បានបន្ថែមថា នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីគាត់ត្រឡប់ពីមន្ទីរពេទ្យទៅវិញ គាត់បរិភោគអាហារជុំគ្រួសារជាធម្មតា ហើយមុនពេលចូលសម្រាកគាត់បានត្អូញថាឈឺទ្រូង និងអស់កម្លាំងដោយសារមិនសូវបានសម្រាក។ នៅវេលាម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ គាត់ស្ថិតនៅក្នុងសភាពសន្លប់ និងគាំដង្ហើមម្តងៗ ឃើញសភាពដូច្នេះប្រពន្ធគាត់បានធ្វើការសង្គ្រោះបេះដូង និងផ្លូវដង្ហើម ព្រមទាំងបានទាក់ទងទៅមិត្តភក្តិគាត់ម្នាក់ជាវេជ្ជបណ្ឌិតមកជួយសង្រ្គោះជាបន្ត បន្ទាប់ពីបានជួយសង្គ្រោះមិនបានជោគជ័យ មិត្តភក្តិគាត់បានផ្តល់ព័ត៌មានមកថ្នាក់ដឹកនាំមន្ទីរពេទ្យ រួចសម្រេចបញ្ជូនគាត់ទៅមន្ទីរពេទ្យតាមរថយន្តសង្គ្រោះមកដល់មន្ទីរពេទ្យ បង្អែកខេត្តសៀមរាប និងបានមកដល់វេលាម៉ោង៤៖៤៥នាទីទៀបភ្លឺ ។ ក្នុងកំឡុងពេលនៃការបញ្ជូនមកមន្ទីរពេទ្យ ភរិយាគាត់ និងមិត្តភក្តិដែលសុទ្ធសឹងជាមន្រ្តីសុខាភិបាល បានជួយសង្គ្រោះបេះដូង និងផ្លូវដង្ហើមជាប់ជាប្រចាំ ប៉ុន្តែគាត់នៅមិនទាន់ដឹងខ្លួន និងមិនមានដង្ហើម និងចលនាបេះដូងដដែល។

លិខិតបានបញ្ជាក់ថា៖ តាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យ បញ្ជាក់ថា គាត់បានបាត់បង់ជីវិត មុនពេលមកដល់មន្ទីរពេទ្យទៅទៀត៕

ខាងក្រោមនេះជាលិខិតបំភ្លឺ ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យខេត្តសៀមរាប៖