(កំពង់ឆ្នាំង)៖ ថ្មីៗនេះករណីកាប់ដើមគគីរ៩ដើម មានអាយុកាលជាង ៦ទសវត្សរ៍មកហើយនោះ ដែលបានដាំតាំងពីជំនាន់សង្គមរាស្រ្តនិយម នៅក្នុងសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែនរមាស ស្ថិតនៅក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាប់យកទៅលក់ក្នុងតម្លៃសរុប ១២លានរៀល ដើម្បីយកប្រាក់មកកសាងក្នុងសាលារៀន មានការរិះគន់យ៉ាងខ្លាំងពីមហាជន។

ករណីនេះបានផ្ទុះការរិះគន់យ៉ាងខ្លាំងអំពីមជ្ឈដ្ឋានមន្ត្រីរាជការមហាជន និងប្រជាពលរដ្ឋ ដោយពួគាត់បានលើកឡើងថា ថ្នាក់ដឹកនាំសាលាមិនគួរកាប់ដើមគគីរ ដែលមានអាយុកាលជាច្រើនទសវត្សរ៍មកហើយនោះទេ។ គគីរនោះ មានចំនួន ៩ដើម និងបានកាប់ដួលរំលំអស់ ២ដើមហើយ។ ករណីដែលថា ខ្វះថវិកាសម្រាប់កសាងសាលា រហូតមានការកាប់ដើមឈើដើម្បីយកថវិកាមកជួសជុលសាលានោះ ហាក់មិនសមហេតុផលទាល់តែសោះ ព្រោះដើមដើមឈើធំៗដែលត្រូវបានដាំនៅទីសាធារណៈ គឺជាសម្បត្តិឯកជនរបស់រដ្ឋ។

ឆ្លើយតបនឹងការរិះគន់ខាងលើនេះលោក ឃឹម ផល្លា ប្រធានការិយាល័យអប់រំស្រុកទឹកផុស បានឆ្លើយតាមទូរស័ព្ទថា ដើមគគីរទាំង ៩ដើមនេះ បានដាំនៅមុខអគារសិក្សាសាលាមត្តេយ្យ១ខ្នង ដែលមានគម្លាតតែ ៤ម៉ែត្រ ពីមុខអគារសិក្សានេះតែប៉ុណ្ណោះ។

ដោយឡែក នៅក្នុងអំឡុងឆ្នាំ២០១៥ មែកគគីរនេះធ្លាប់បានបាក់ធ្លាក់ចុះមកដីសង្កត់លើកង់សិស្ស និងលើទោងដែលសិស្សមត្តេយ្យនាំគ្នាជិះលេង បានបែកបាក់ខូចខាតផងដែរ។ កាលណោះប្រសិនបើធ្លាក់ចំសិស្សមត្តេយ្យរបួស ឬស្លាប់ពេលនោះ ក៏ជាការទទួលខុសត្រូវមួយចំណែកធំរបស់នាយកសាលា និងគ្រូបង្រៀនផងដែរ។ ក្រោយមកសាលាក៏បានធ្វើការកាប់លះមែកគគីរចំនួន៨ដើម ដែលដុះមុខអគារសិក្សា ដើម្បីបញ្ចៀសហានិភ័យនៃគ្រោះថ្នាក់។

លោកបន្តថា ព្រោះតែហេតុនេះហើយទើបកើតមានអង្គប្រជុំរួមមួយក្នុងពេលថ្មីៗកន្លងមកនេះ ដែលមានវត្តមានលោកនាយកសាលា លោកគ្រូអ្នកគ្រូ តំណាងមាតាបិតាសិស្ស អាជ្ញាធរភូមិឃុំ និងលោកអភិបាលស្រុកទឹកផុសផងដែរ បានឯកភាពគ្នាសុំកាប់ដើមគគីរទាំងនេះចេញ ដើម្បីបញ្ចៀសបញ្ហាប្រឈមនៃគ្រោះថ្នាក់ ដែលនឹងអាចកើតឡើងជាយថាហេតុ ដល់សិស្សានុសិស្សនៅក្នុងសាលារៀននេះ។ កំណត់ហេតុនៃអង្គប្រជុំ និងការសម្រេចខាងលើនេះ សាលាក៏បានផ្ញើជូនទៅលោកប្រធានមន្ទីរអប់រំខេត្ត និងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឲ្យបានជ្រាបផងដែរ។

ដោយឡែក តាមស្មារតីអង្គប្រជុំខាងលើសាលានឹងយកថវិកា ដែលលក់ដើមគគីនេះមានតម្លៃប្រមាណ ១២លានរៀល ទៅអភិវឌ្ឍន៍រៀបចំប្រព័ន្ធលូទឹកមុខសាលារៀន និងមានគំរោងទិញដើមក្រញូង ដើមបេង នាងនួនធំៗមួយចំនួនមកដាំវិញ តែដាំឲ្យមានគម្លាតឆ្ងាយពីអាគារសិក្សា ដើម្បីរក្សាបរិស្ថានធម្មជាតិ នៅក្នុងសាលាឲ្យបានល្អប្រសើរជំនួសដើមគគីរទាំងនោះវិញផងដែរ៕