(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានស្នើដល់មន្ត្រីជំនាញ និងអាជ្ញាធរគ្រប់គ្រងដីរដ្ឋ ត្រូវរក្សាឲ្យបានល្អ ពាក់ព័ន្ធដីសង្គមកិច្ច ដើម្បីទុកចែកជូនដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រខ្វះខាតដីពិតប្រាកដ។

លោក ជាវ តាយ ស្នើរបែបនេះនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីត្រួតពិនិត្យដីសម្បទានសង្គមកិច្ច នៅក្នុងភូមិសាស្រ្តខេត្តកំពត នៅសាលប្រជុំសាលាខេត្តកំពត ដោយចូលរួមពីប្រធានមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋានក្រុងស្រុកឃុំ សង្កាត់ពាក់ព័ន្ធជាច្រើនរូប។

លោក ជាវ តាយ បញ្ជាក់ទៀតថា ពាក់ព័ន្ធបញ្ហាការដោះស្រាយដីសម្បទានសង្គមកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ផ្ដល់ជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានការខ្វះខាតដី សម្រាប់បង្កបង្កើតផលនិងលំនៅដ្ឋានរស់នៅពិតប្រាកដ ជាបន្តបន្ទាប់នារយៈពេលកន្លងមកមានរាប់ម៉ឺន ហិកតា តាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេស។ ប៉ុន្តែខេត្តកំពតបច្ចុប្បន្ន រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរជំនាញ បាននឹងកំពុងតែជំរុញការយកចិត្តទុកដាក់អនុវត្តតាមនីតិវិធី ដើម្បីធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធិ ជូនដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងនោះផងដែរ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ដោយសារកន្លងមកពាក់ព័ន្ធដីសម្បទានសង្គមកិច្ចក្នុងខេត្តកំពត គឺនៅមិនបានឆ្លុះបញ្ចាំងពីការគ្រប់គ្រង ហើយក៏មិនមានទិន្នន័យ ច្បាស់លាស់ក្នុងការរៀបចំដើម្បីសម្រាប់បែងចែកជូនដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋមានការខ្វះខាតដីពិតប្រាកដនៅឡើយទេ ដែលជាហេតុនាំឲ្យការអនុវត្តមិនបាន ពេញលេញ និងគ្រប់គ្រាន់តាមតម្រូវការជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋមានការខ្វះខាតពិតប្រាកដ។ ដូច្នេះកិច្ចប្រជុំនេះគោលបំណងដើម្បីស្វែងយល់ពីស្ថានភាព បច្ចុប្បន្នភាព ទិន្នន័យចំនួនផ្ទៃដីក្នុងខេត្តឲ្យបានជាក់លាក់ពិតប្រាកដ ដើម្បីត្រៀមរៀបចំធ្វើការបែងចែក។

ក្នុងគោលបំណងដើម្បីឱ្យមានការគ្រប់គ្រងទិន្នន័យដីច្បាស់លាស់ លោកអភិបាលខេត្ត ក៏បានស្នើជំនាញនិងអាជ្ញាធរដែលមានការគ្រប់គ្រងពាក់ព័ន្ធដីសាធារណៈរបស់រដ្ឋ ឬដីឯកជនរបស់រដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សូមបង្ហាញទីតាំងដោយបញ្ជាក់ថាទីតាំងណាជាដីរបស់រដ្ឋ ឬក៏ដីស្ថិតក្នុងការកាត់ចូលក្នុងដីសង្គមកិច្ចរបស់រដ្ឋ ឲ្យបានទូលំទូលាយច្បាស់លាស់ ដើម្បីចុះទៅពិនិត្យជាក់ស្ដែង។

លោកអភិបាលខេត្ត ក៏បានស្នើឱ្យជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តការគ្រប់គ្រងឱ្យបានល្អថែមទៀតដើម្បីបានឆ្លើយតប តាមអនុសាសន៍ក៏ដូចជាការយកចិត្តទុកដាក់ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្ដល់ជូនអតីតយុទ្ធជន ក៏ដូចប្រជាពលរដ្ឋខ្វះខាតដីពិតប្រាកដផងដែរ។

សូមបញ្ជាក់ថា ដីសម្បទានសង្គមកិច្ចបច្ចុប្បន្ននេះរដ្ឋបាលខេត្តកំពត ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តបាននឹងកំពុងរៀបចំនិតិវិធី តាមគោលការណ៍ របស់រាជរដ្ឋាភិបាល ក្នុងការបែកចែកនិងប្រគល់ជូនប្លង់កម្មសិទ្ធិជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋខ្វះខាតពិតប្រាកដ។ ក្នុងនោះមានទីតាំងទី១៖ នៅក្នុងឃុំតេជោ អភិវឌ្ឍន៍៣១៧តំបន់កោះស្លា ស្រុកឈូក មានទំហំដី ១,២៨៨ហិកតា បាននឹងកំពុងរៀបចំឯកសារប្លង់កម្មសិទ្ធិតាមនីតិវិធីប្រគល់ជូនដល់អតីតយុទ្ធជន ស្មើនឹង ២៤០គ្រួសារ។ ទី២៖ នៅតំបន់ដំរីផុង ឃុំត្រពាំងភ្លាំង ស្រុកឈូក មានទំហំផ្ទៃដី២១៩ហិកតា កំពុងស្នើសុំគោលការណ៍រាជរដ្ឋាភិបាល និងបំពេញទិន្នន័យតាមនីតិវិធី ដើម្បីជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៩០គ្រួសារ៕