(ត្បូងឃ្មុំ)៖ ដោយទទួលបានសំណូមពរពីប្រជាកសិករចំនួន០២ឃុំ ក្នុងស្រុកត្បូងឃ្មុំ ដែលខ្វះប្រភពទឹកប្រើប្រាស់ស្រោចស្រពស្រែចំការ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ ទំនប់ទ្វារទឹកចំនួន០៤កន្លែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានសាងសង់ ដើម្បីជាប្រយោជន៍បម្រើដល់ការស្រោចស្រព និងពង្រីកផ្ទៃដីដាំដុះសរុបប្រមាណជាង ៣, ០០០ហិកតា សំដៅលើកកម្ពស់ជីវភាពនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល។

ទំនប់ទ្វារទឹកទាំង០៤កន្លែងនោះ រួមមានទំនប់ទ្វារទឹកព្រែកវល្លិ៍ចំនួន ០១កន្លែង ស្ថិតនៅភូមិទួលកែវ ឃុំជីរោទិ៍ទី១ និងទំនប់ទ្វារទឹកបឹងក្អិត ចំនួន ០៣កន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រែកផ្ដៅ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ។

ពិធីបើកការដ្ឋានទំនប់ទ្វារទឹកនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដោយមានការចូល រួមពីលោក កេង ប៊ុនណា អភិបាលរងខេត្ត ព្រមទាំងមន្ទីរជំនាញ លោកអភិបាល-អភិបាលរងស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិពាក់ព័ន្ធ លោកយាយ លោកតា និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះលោក ហាក់ សុខមករា បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជូនចំពោះដោយក្តីនឹក រលឹកបំផុត។

លោក ហាក់ សុខមករា បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ក្រោយទំនប់ទ្វារទឹកនេះសាងសង់ឡើងរួច ត្រូវរួមគ្នាថែរក្សា ការពារ និងប្រើប្រាស់ស្រោចស្រពស្រែចំការឲ្យបាន ទិន្នផលខ្ពស់និងលក់ចេញបានថ្លៃ ជួយសម្រួលកម្រិតជីវភាពពិសេសរួមគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ នៅរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋនាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០២២ ក៏ដូចជាថ្នាក់ជាតិ នាឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបន្តដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន កសាងសមិទ្ធផលជាប្រយោជន៍ដល់ប្រជាកសិករថ្មីៗបន្ថែមទៀត និងឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ឥតឈប់ឈរជាបន្ត៕