(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលទាំងស្រុងនូវការចុះផ្សាយថា «ពលករត្រឡប់មកពីថៃ ដែលគ្មានអាការសង្ស័យកូវីដ១៩ ត្រូវបានលើកលែងការធ្វើចត្តាឡីស័ក»

លោកស្រីបានអះអាងថា សារព័ត៌មានដែលចុះផ្សាយនោះ គឺខុសទាំងស្រុងនូវខ្លឹមសារដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃបានសម្រេចដាក់ឲ្យអនុវត្តន៍។

លោកស្រី ឱ វណ្ឌីន បានបញ្ជាក់យ៉ាងដូច្នេះថា «ការធ្វើចត្តាឡីស័ក១៤ថ្ងៃនៅតែបន្តធ្វើ តែនឹងមានការដឹកជញ្ជូនទៅតាមខេត្តរៀងៗខ្លួន ដើម្បីបន្តធ្វើ ចត្តាឡីស័កនៅខេត្តនោះតែម្តង។ សុំសារព័ត៌មាននេះ ធ្វើការកែតម្រូវជាបន្ទាន់ និងសូមកុំបន្តចែកចាយព័ត៌មានបែបខុសឆ្លងនេះទៀត នាំឲ្យមានការយល់ច្រឡំ លើវិធានការរបស់រាជរដ្ឋាភិបាល»

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យពលករខ្មែរ ដែលឆ្លងដែនមកពីប្រទេសថៃ អាចផ្លាស់កន្លែងធ្វើចត្តាឡីស័កពីខេត្តជាប់ព្រំដែន មកធ្វើចត្តាឡីស័កនៅក្នុងខេត្ត ឬស្រុកកំណើតរបស់ខ្លួនបាន តែដាច់ខាតមិនអាចគេចវេស ឬខកខានការធ្វើចត្តាឡីស័កនោះឡើយ ចំណែករដ្ឋបាលខេត្ត ដែលមានអ្នកផ្លាស់មកធ្វើចត្តាឡីស័កនោះ ត្រូវត្រួតពិនិត្យការងារនេះឱ្យបានហ្មត់ចត់។

នាពេលកន្លងមក ធ្លាប់មានការភាន់ច្រឡំថា សម្ដេចតេជោសម្រេចលើកលែងការធ្វើចត្តាឡីស័ក ចំពោះពលករនៅតាមខេត្តជាប់ព្រំដែន ប៉ុន្តែសម្ដេចតេជោ បានបញ្ជាក់ហើយបញ្ជាក់ទៀតថា មិនដូចការយល់ខុសនេះនោះទេ ពោលគឺសម្ដេចតេជោមិនបានអនុញ្ញាតដូច្នេះឡើយ គឺមានតែអំពាវនាវទៅកាន់បុគ្គលសាមី ឱ្យចូលរួមធ្វើចត្តាឡីស័ក កុំមានការគេចវេស និងបានបញ្ជាទៅកាន់អាជ្ញាធរ-សមត្ថកិច្ចពាក់ព័ន្ធ ឱ្យពង្រឹងការត្រួតពិនិត្យការធ្វើចត្តាឡីស័ក ឱ្យបានតឹងរឹងថែមទៀត។ ដូច្នេះសូមកុំមានការយល់ច្រឡំតទៅទៀតឱ្យសោះ។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ឡើងវិញថា ចត្តាឡីស័កនៅតែធ្វើ គ្រាន់តែអាចប្ដូរទីតាំងធ្វើប៉ុណ្ណោះ ដោយពីមុនធ្វើនៅទល់ដែន ឥលូវអាចផ្លាស់មកធ្វើនៅផ្ទៃក្នុងប្រទេស (ខេត្ត-ស្រុកកំណើតរបស់សាមីខ្លួនអ្នកធ្វើចត្តាឡីស័ក) ដោយត្រូវដឹកជញ្ជូនពួកគាត់មកធ្វើចត្តាឡីស័ក នៅតាមមូលដ្ឋាននានា»

ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានដាស់តឿនបន្ថែមថា ការដឹកជញ្ជួនផ្ទេរពលករ ដែលធ្វើចត្តាឡីនៅខេត្តជាប់ព្រំដែន គប្បីមានរថយន្តដាច់ដោយឡែកសម្រាប់ដឹកជញ្ជូនពួកគាត់ ហើយត្រូវគ្រប់គ្រងពួកគាត់តាំងពីចំណុចចេញដំណើរ រហូតមកដល់គោលដៅធ្វើចត្តាឡីស័កបន្ទាប់។ ម្យ៉ាងទៀត ត្រូវមានការផ្ដល់អាហារហូបចុកតាមផ្លូវ ក្នុងពេលធ្វើដំណើរផងដែរ៕