(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប បានចាត់លោក ទៀ សីហា អភិបាលខេត្តសៀមរាប នាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនផ្ដល់ជូនកុមារគថ្លង់ចំនួន ១៤៨នាក់ នៅមណ្ឌលកុមារកំព្រាខេត្តសៀមរាប ក្នុងវិទ្យាល័យអប់រំពិសេសសៀមរាប ចំថ្ងៃអបអរសាទរខួបលើកទី១១០ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២១។

ពិធីនេះមានការចូលរួមពីវត្តមានរបស់លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោកស្រី ទាង អេង ទៀសីហា អនុប្រធានសាខាកាកបាទក្រហមខេត្តសៀមរាប ថ្នាក់ដឹកនាំអង្គភាពស្ថាប័នជុំវិញខេត្ត សហភាពសហព័ន្ធយុវជនខេត្តសៀមរាប កាកបាទក្រហមខេត្ត លោកគ្រូ អ្នកគ្រូ កុមារគថ្លង់ កុមារមានពិការភាពផងដែរ។

វិទ្យាល័យអប់រំពិសេសសៀមរាប ត្រូវបានបង្កើតថ្ងៃទី០១ ខែតុលា ឆ្នាំ២០០០ គ្រប់គ្រងដោយអង្គការគ្រសារថ្មី ហើយចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ រហូតដល់មកដល់ពេលបច្ចុប្បន្ន វិទ្យាល័យនេះគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ បច្ចុប្បន្នវិទ្យាល័យនេះ មានបុគ្គលិកសរុបចំនួន ៣៩នាក់ (ស្រី ២១នាក់) និងមានសិស្សានុសិស្សសរុបឆ្នាំសិក្សាថ្មី ២០២០-២០២១ ចំនួន ១៨៣នាក់ (ស្រី ៧៤នាក់)។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំបានរៀបចំនូវម្ហូបអាហារ នំចំណី ជូនកុមារគថ្លង់ និងកុមារមានពិការភាពសរុប ២២២នាក់ ដែលសរុបជាទឹកប្រាក់ប្រមាណជិត ៩លានរៀល និងបានផ្ដល់សៀវភៅសរសេរចំនួន ១៣២៥ក្បាល ប៊ិច ៤៩១ដើម កាបូបសិស្ស ២២២ ដបទឹកម្នាក់ ១ សារុង ២២៤ ក្រមា ២២៤ ថវិកា ៣១លានរៀល ជូនកុមារទាំងអស់គ្នា និងអ្នកគ្រូលោកគ្រូ បុគ្គលិក ៤៥នាក់។

បន្ថែមទីលើនោះ គឺមានផ្ដល់អង្ករ ៥តោន ត្រីខកំប៉ុង ៥កេស មី ២០កេស ទឹកក្រូច ១០កេស សម្រាប់វិទ្យាល័យអប់រំពិសេសសៀមរាបទទួលបានកង់ ១០គ្រឿង កង្ហារ ៦ និងទូដាក់ខោអាវ ៣ ហើយសម្រាប់មជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាបទទួលបានទូដាក់ខោអាវ ៧ទូផងដែ៕