(ព្រះវិហារ)៖ យ៉ាងហោចណាស់ក្មេងប្រុស៣នាក់ ក្នុងចំណោម៤នាក់ បានលង់ទឹកស្រះស្លាប់បាត់បង់ជីវិត ខណៈនាំគ្នាចុះលេងទឹក ពេលកំពុងឃ្វាលគោ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ។

មន្ត្រីនគរបាលស្រុកគូលែន បានថ្លែងឲ្យដឹងថា នៅវេលាម៉ោង១២ ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រយ៉ង់ បានទទួលព័ត៌មានពីឈ្មោះ ម៉ាម វណ្ណៈ ភេទប្រុស រស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ថាមានក្មេងលង់ទឹកនៅចំណុចស្រះទឹកមួយកន្លែង ខាងត្បូងសាលាអនុវិទ្យាល័យស្រយង់ ចម្ងាយ ១០០ម៉ែត។

តាមការបំភ្លឺពីក្មេងប្រុសដែលនៅរស់ឈ្មោះ ផាត សុផានិត បានប្រាប់ថា ពួកគេទាំង៤នាក់ បាននាំគ្នាទៅមើលគោ បន្ទាប់មកក៏បាននាំគ្នាទៅលេងទឹកស្រះ។ ពេលដែលចុះលេងបានមួយភ្លែត ប្អូនរបស់គេបានលិចទៅក្នុងទឹក បន្ទាប់មកគេក៏បានយកឈើឲ្យតោងតែពួកគេបានលិចទៅក្នុងទឹកបាត់ទាំង ៣នាក់តែម្តង ឃើញដូច្នោះឈ្មោះ ផាត សុផានិត ក៏បានរត់មកហៅឲ្យគេទៅជួយ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ៖ ទី១៖ ឈ្មោះជេត ផល់ ភេទ ប្រុស អាយុ ១០ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្រយង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ទី២៖ ឈ្មោះ សុខ ចិត្រា អាយុ៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្រយង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ និងទី៣៖ ឈ្មោះ ផាត ចាន់បុត្រ ភេទប្រុស អាយុ ៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្រយង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ។

ក្រោយពីបានពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពក្មេងប្រុសទាំង ៣នាក់ ទៅក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕