(ភ្នំពេញ)៖ ដើម្បីអបអរសាទរទិវានារីអន្ដរជាតិ ៨មីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បានជួបសំណេះសំណាលជាអាវុធហត្ថជានារី នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការកោតសរសើរពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនអាវុធហត្ថនារីទាំងអស់ផងដែរ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ក៏បានលើកសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់អាវុធហត្ថជានារី លើការបំពេញការងារកន្លងមក ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ បើទោះបីជានារីក៏ពិតមែន ប៉ុន្ដែអាចបំពេញការងារមួយចំនួនដូចអាវុធហត្ថបុរសនោះដែរ។

ដោយសារបច្ចុប្បន្នកម្ពុជាកំពុងប្រឈមនូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នោះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានណែនាំដល់មន្ដ្រីអាវុធហត្ថទាំងអស់ ត្រូវថែរក្សាសុខភាពដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺ ៣ការពារ និង៣កុំ៕