(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានអះអាងថា សម្តេចបានបញ្ជាឱ្យយកសណ្ឋាគារចំនួន២ នៅរាជធា នីភ្នំពេញ ដើម្បីធ្វើជាមន្ទីរពេទ្យដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩។
តាមរយៈសារសម្លេងមួយ នៅព្រលប់ថ្ងៃទី១០ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានចេញបញ្ជាឱ្យ សាលារាជធានីភ្នំពេញ និងមេបញ្ជាការកងទ័ពជើងគោក រៀបចំមន្ទីរពេទ្យចំនួន២បន្ថែមទៀត ដោយយកសណ្ឋាគារធ្វើជាកន្លែងរៀបចំ ដែលអាចមានប្រមាណ២០០បន្ទប់ ឬលើសនេះ»។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ដោយសារស្ថានភាពនេះ សម្តេចក៏បានពិភាក្សាជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឱ្យបញ្ចេញក្រុមគ្រូពេទ្យកងទ័ពចេញ អន្តរាគមន៍ជួយដល់គ្រូពេទ្យស៊ីវិល ដែលកងទ័ពត្រូវរៀបចំជា ៣០ក្រុម នៃក្រុមដើម្បីមកជួយខាងផ្នែកស៊ីវិល។
សម្តេចតេជោ បន្ថែមបានស្នើសម្តេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជា លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រគល់ភារកិច្ចនេះ ឱ្យកងទ័ពរៀបចំ និងគ្រប់គ្រង ដោយប្រើប្រាស់គ្រូពេទ្យ និងវេជ្ជបណ្ឌិតកងទ័ព ហើយកម្លាំងសល់ពីនោះ ក៏ត្រូវរៀបចំ ដើម្បីត្រៀមអន្តរាគមន៍ ទៅកាន់គោលដៅ ដែលមានហានិភ័យខ្ពស់។
កម្លាំងគ្រូពេទ្យកងទ័ព ក៏ត្រូវប្រគល់ជូនមេបញ្ជាការកងទ័ពជើងគោកគ្រប់គ្រង និងដឹកនាំ ចាត់ចែង និងប្រើប្រាស់។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំផ្គត់ផ្គង់របបឧបត្ថម្ភដល់ក្រុមប្រតិបត្តិការនេះផងដែរ៕