(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសផ្អាកជាបណ្តោះអាសន្ន នូវការចាក់វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) សម្រាប់អ្នកដែលចង់ចាក់លើកទី១ (ដូសទី១) តែនៅបន្តដំណើរការចាក់វ៉ាក់សាំងនេះ ជាធម្មតាសម្រាប់បុគ្គល ដែលត្រូវចាក់លើកទី២ ចាប់ពីថ្ងៃជូនព័ត៌មាននេះតទៅ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ដោយសារបច្ចុប្បន្ននេះ វ៉ាក់សាំងកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម (Sinopharm, Beijing Institute of Biological Products) ដែលជាជំនួយពីសាធារណរដ្ឋប្រជាមានិតចិន មានចំនួនកំណត់ ហើយក្រសួងមានភាពចាំបាច់ ដែលត្រូវរក្សាទុកនូវវ៉ាក់សាំងក្នុងចំនួន សម្រាប់ការចាក់លើកទី២ (ដូសទី២) ជូនដល់ក្រុមមនុស្សមួយចំនួន ដែលពួកគាត់បានចាក់លើកទី១ រួចហើយនោះ។
ក្រសួងសុខាភិបាលបន្តថា សម្រាប់ប្រជាពលរដ្ឋនៅក្នុងក្រុមអាយុពី១៨ឆ្នាំ ទៅ៥៩ឆ្នាំ ដែលត្រូវចាក់វ៉ាក់សាំងស៊ីណូហ្វាម លើកទី២ សូមអញ្ជើញមកកាន់ទីតាំងកន្លែងដែលខ្លួនបានចាក់លើកទី១ ហើយសូមរក្សាសណ្តាប់ធ្នាប់ល្អ គោរពអនុវត្តន៍ទៅតាមការចាត់ចែង ដោយគណៈគ្រប់គ្រងមន្ទីរពេទ្យរដ្ឋ នៅតាមទីតាំងនោះ សូមមេត្តាកុំប្រជ្រៀតគ្នា ដែលធ្វើឱ្យមានការកកស្ទះមនុស្សនៅកន្លែងចាក់ ដោយមិនសមស្របតាមវិធានការ ការពារការចម្លងវីរុសកូវីដ-១៩៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល៖