(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានណែនាំដល់មេបញ្ជាការទាំងអស់ចំណុះឱ្យកងទ័ពជើងគោក យកចិត្តទុកដាក់ណែនាំដល់កងទ័ពក្រោមបង្គាប់ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩។

ការណែនាំរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ១៩ ទៅលើទាហានម្នាក់ ឈ្មោះ ដារ៉ា សកល នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដែលជាសិក្ខាកាមនៅសាកលវិទ្យាល័យការពារជាតិ ទោះបីជាបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ចំនួន២លើករួចរាល់ហើយក៏ដោយ។

លោក ហ៊ុន ម៉ាណែត បានណែនាំឱ្យកងទ័ពក្រោមចំណុះអនុវត្តវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ហើយជំរុញឱ្យរៀបចំមណ្ឌលចត្តាឡីស័កនៅក្នុងអង្គភាព ក្នុងករណីដែលមានកងទ័ពវិជ្ជមានជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨៤០នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៦២នាក់, អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕