(ព្រៃវែង)៖ លោកឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្របែក និងជាសមាជិកក្រុមយុវជនក្រៅប្រទេស នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារនាំយកអំណោយអង្ករចំនួន ១០តោន ប្រគល់ជូនក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីទុកជួយសម្រួល ដល់ការលំបាករបស់ប្រជាពលរដ្ឋពេលកំពុងធ្វើចក្តាឡីស័ក។

លើកឡើងក្នុងឱកាសនោះ លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន Diamond Lucky Asia Co.,Ltd បានបញ្ជាក់ថា ថ្វីដ្បិតអំណោយនេះតិចតួច មិនច្រើនក្តី តែក៏អាចជួយសម្រួលដល់ប្រជាពករដ្ឋ ដែលជួបប្រទះនូវការលំបាកក្នុងកំឡុងពេលធ្វើចក្តាឡីស័ក និងព្យាបាលជំងឺកូវីដ១៩ នៅតាមស្រុកមួយចំនួនក្នុងខេត្តព្រៃវែង បានមួយគ្រាផងដែរ។

លោកឧកញ៉ា ឆាយ សុធា ក៏បានបញ្ជាក់ទៀតថា លោកមិនអាចភ្លេចបានទេសម្រាប់ជីវិតជាក្មេងកំព្រាឪពុក ម្តាយ រស់នៅមណ្ឌលកុមារកំព្រាគៀនឃ្លាំង បន្ទាប់ពីសម័យ ប៉ុលពត។ ជាពិសេសនោះគឺលោកបានរស់នៅធំធាត់ និងរីកចម្រើនដល់សព្វថ្ងៃ ដោយសារតែបានហូបបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគុណដ៏ធំធេង មិនអាចបំភ្លេចបានរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើមនិងឈ្លាសវៃ ដែលបាននាំមកនូវក្នុងសុខសន្តិភាព និងការអភិវឌ្ឍគ្រប់មូលដ្ឋាន។

លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានថ្លែងដែរថា ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលក៏ដូចជាប្រធានក្រុមប្រឹក្សាគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងដំណាងឱ្យប្រជាពលរដ្ឋដែលកំពុងធ្វើចក្តាឡីស័ក សូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា ឆាយ សុធា រួមក្រុមការងារ ដែលតែងតែនឹកឃើញរាល់ការលំបាករបស់ ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដែលជួបការលំបាក ជាពិសេសស្ថិតក្នុងដែលប្រទេសជួបការលំបាកក្នុងកំឡុងពេលកើតមានជំងឺកូវីដ១៩នេះ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេដែលលោកឧកញ៉ា ឆាយ សុធា នាំយកអំណោយសម្រាប់ចែកជូនពលរដ្ឋជួបការលំបាកក្នុងខេត្តព្រៃវែង ដោយលោក តែងតែបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋ និងជួយសម្រួលនូវការលំបាកសម្រាប់អាជ្ញាធរភូមិ ឃុំ ក្នុងខេត្តព្រៃវែងជាញឹកញាប់ ជាក់ស្ដែងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧកញ៉ា ឆាយ សុធា បានផ្តល់ជំនួយថវិកាចំនួន ៤០លានរៀល ជូនក្រុមប្រឹក្សាឃុំកំពង់ពពិល ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីយកទៅប្រើប្រាស់ ទុកជាប្រយោជន៍នៅមូលដ្ឋាន ក្នុងឃុំតែម្តង៕