(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ សហការជាមួយក្រុមការងារក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកកើតជំងឺកូវីដ ២នាក់ប្ដីប្រពន្ធ ដែលជាបុគ្គលិកក្រុមហ៊ុនណាហ្គាវើល និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្រោយបានបញ្ចប់ និងបើកដំណើរការទីតាំងចត្តាឡីស័កពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៥កន្លែងឡើងវិញជាធម្មតា។

ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាអភិបាលខណ្ឌ បញ្ជាក់ថា ក្រុមការងាររដ្ឋបាលខណ្ឌ និងក្រុមការងារក្រសួងសុខាភិបាល បានបន្តការរកឃើញអ្នកកើតជំងឺកូវីដ១៩ លើប្ដី អាយុ២៧ឆ្នាំ និងប្រពន្ធ អាយុ២៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនណាហ្គាវើល (ឆ្លងពីណាហ្គាវើលទី១) ក្រោយពីយកសំណាកទៅពិនិត្យលើកទី២ និងបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke) ដែលកំពុងស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ នៅវេលាម៉ោង២០៖០០នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។

លោក ជា ពិសី បញ្ជាក់ទៀតថា បន្ទាប់ពីបានរកឃើញអ្នកកើតជំងឺកូវីដ១៩ លើ២នាក់ប្ដី-ប្រពន្ធ ជាបុគ្គលិកក្រុមហ៊ុនណាហ្គាវើល, ក្រុមការងាររដ្ឋបាលខណ្ឌ និងក្រុមការងារក្រសួងសុខាភិបាល បាននិងកំពុងស្វែងរក អ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីដាក់ឲ្យធ្វើចត្តាឡីស័កនៅកន្លែងកើតហេតុរយៈពេល១៤ថ្ងៃ នៃវិធានការ «៣ការពារ-៣កុំ-២ចូលរួម» របស់ក្រសួងសុខាភិបាល តាមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សូមបញ្ជាក់ថា ការបន្តរកឃើញអ្នកកើតជំងឺកូវីដ១៩ លើប្ដី អាយុ២៧ឆ្នាំ និងប្រពន្ធ អាយុ២៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនណាហ្គាវើលខាងលើនេះ ក្រោយពីគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ សហការជាមួយក្រុមការងារ ក្រសួងសុខាភិបាល បានបញ្ចប់ និងបើកដំណើរការទីតាំងចត្តាឡីស័កពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៥កន្លែងឡើងវិញជាធម្មតា៕