(ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញរបាយការណ៍មួយ លើកឡើងអំពីសន្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ក្រោយពីមានការរាតត្បាតជំងឺកូវីដ-១៩។
ធនាគារពិភពលោក បានបង្ហាញតារាងព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងបន្ដកើនឡើង ក្នុងអត្រា៥.២ភាគរយ នៅក្នុងឆ្នាំ២០២២ និងក្នុងឆ្នាំ២០២៣ ស្របពេលដែលនៅក្នុងឆ្នាំ២០២១នេះ នឹងបន្ដកើនឡើង ក្នុងអត្រា៤ភាគរយ។
លោកស្រី វិកតូរីយ៉ា ក្វាក្វា អនុប្រធានធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក បានឲ្យដឹងថា «វិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីការ រាតត្បាតវីរុសកូវីដ១៩នេះ បានបង្អាក់ការកាត់បន្ថយភាពក្រីក្រ ហើយបង្កើនវិសមភាពវិញ»។
លោកស្រី វិកតូរីយ៉ា ក្វាក្វា បានបន្ថែមថា ក្នុងគ្រាដែលប្រទេសនានា ចាប់ផ្តើមងើបឡើងវិញ នៅឆ្នាំ២០២១ គេចាំបាច់ត្រូវចាត់វិធានការបន្ទាន់ ដើម្បីការពារប្រជាជនងាយរងគ្រោះ និងធានាឲ្យមានការងើបឡើងវិញ នៃសេដ្ឋកិច្ចដែលមានបរិយាបន្ន, មានភាពបៃតង និងភាពធន់។
របាយការណ៍របស់ធនាគារពិភពលោក បានបញ្ជាក់ថា សកម្មភាពរបស់សេដ្ឋកិច្ច បានពឹងផ្អែកលើប្រសិទ្ធភាព នៃការទប់ស្កាត់វីរុស, លើសមត្ថភាពទាញយក អត្ថប្រយោជន៍ ពីការងើបឡើងវិញ នៃពាណិជ្ជកម្មអន្តរជាតិ និងសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការផ្តល់ការគាំទ្រ ផ្នែកសារពើពន្ធ និងរូបិយវត្ថុ៕