(ភ្នំពេញ)៖ វ៉ាក់សាំងស៉ីណូហ្វាម (Sinopharm) ការពារជំងឺកូវីដ១៩ ដែលជាជំនួយរបស់សាធារណៈរដ្ឋប្រជាមានិតចិន ចំនួន៧០ម៉ឺនដូសបន្ថែមទៀត នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។
នេះបើតាមការឲ្យដឹងពីលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញប្រគល់ និងទទួលវ៉ាក់សាំងស៉ីណូវ៉ាក់ចំនួន១.៥លានដូស ដែលកម្ពុជាទិញពីប្រទេសចិន។
លោក វ៉ាង វិនធាន បានថ្លែងយ៉ាងដូច្នេះថា «វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន៧០ម៉ឺនដូសទៀត ដែលជាជំហ៊ានទី២ ដែលជាជំនួយរបស់ភាគីចិនជូនកម្ពុជា នឹងមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។ ទាំងនេះបានបង្ហាញយ៉ាងច្បាស់លាស់អំពីទំនាក់ទំនងចិន និងកម្ពុជា»។
វ៉ាក់សាំងស៉ីណូហ្វាម ចំនួន៧០ម៉ឺនដូសបន្ថែម ដែលនឹងមកដល់នៅថ្ងៃទី៣១ ខែមីនាខាងមុខនេះ គឺជាវ៉ាក់សាំងជំហ៊ានទី២ ដែលមហាមិត្តចិនបានផ្ដល់ជូនកម្ពុជា ខណៈជំហ៊ានទី១ បានមកដល់កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅចំនួន៦០ម៉ឺនដូស។ សរុបមកទល់ពេលនេះវ៉ាក់សាំងដែលជាជំនួយរបស់ចិន ផ្ដល់ជូនរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានចំនួន១លាន៣សែនដូស។
វ៉ាក់សាំងស៉ីណូហ្វាម ចំនួន៧០ម៉ឺនដូសនេះ នឹងត្រូវបែងចែកទៅកាន់ក្រសួងសុខាភិបាល ចំនួន៤០ម៉ឺនដូស និងចំនួន៣០ម៉ឺនដូសទៀត ប្រគល់ជូនក្រសួងការពារជាតិ ដើម្បីចាក់ជូនកងទ័ព និងគ្រួសារកងទ័ពដែលនៅសេសសល់មិនទាន់បានចាក់។
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១កន្លងទៅ បានប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News ថា នៅពេលវ៉ាក់សាំងនោះមកដល់ សម្ដេចនឹងអញ្ជើញទៅទទួលដោយផ្ទាល់នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តំណាងសម្ដេចតេជោ ហ៊ុន សែន៕