(សៀមរាប)៖ សាលាខេត្តសៀមរាប នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីម្នាក់ ក្នុងក្រុងសៀមរាប ដោយពាក់ព័ន្ធនឹងអ្នកបើកបររថយន្តឈ្នួល។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់យ៉ាងដូច្នេះ៖ «ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប បានរកឃើញ
វិជ្ជមានកូវីដ១៩ បុគ្គលទី៧ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ទៅលើឈ្មោះ ពៅ ឧស្សាហ៍ ភេទស្រី អាយុ១៧ឆ្នាំ ជាបុគ្គលិកនៅហាងកាហ្វេលឹង្គ១០០០ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប»

ករណីនេះ គឺមានទំនាក់ទំនងជាមួយ លោក ហ៊ឹម វណ្ណៈ មុខរបរជាអ្នកបើកបររថយន្តដឹកភ្ញៀវ នឹងបានយកសំណាកធ្វើតេស្តលទ្ធផលវិជ្ជមាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដោយ លោក ហ៊ឹម វណ្ណៈ បានចូលទៅហាងកាហ្វេខាងលើកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។ បច្ចុប្បន្នគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្រេចបិទហាងកាហ្វលឹង្គ១០០០ ជាបណ្តោះអាសន្នរហូតដល់ស្ថានភាពទៅវិលរកភាពប្រក្រតីឡើងវិញ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងនឹងទីតាំងហាងកាហ្វេ ឬអ្នកវិជ្ជមានទាំងពីររូបខាងលើ រួសរាន់មកយកសំណាក នៅមណ្ឌលចិត្តាឡីស័កសាលាគរុកោសល្យ។ រាល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ០១២ ៥២២ ៤២៧, ០៦៦ ៣៦៤ ៦៤៦ និង០៦៩ ៧៧៣ ២២៣។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថាប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕