(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិម្ពុជា (NACC) នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានចុះជួបជាមួយម្ចាស់ផ្ទះជួលចំនួន ៥ទីតាំង ដែលមានបន្ទប់ជួលជិត ៤០០បន្ទប់ ស្ថិតនៅខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ដើម្បីស្នើសុំពួកគាត់ជួយបញ្ចុះថ្លៃ ឬផ្អាកយកថ្លៃឈ្នួលពីកម្មករនិយោជិត ដែលកំពុងរងផលប៉ះពាល់ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩។

ការចុះសម្របសម្រួលជាមួយម្ចាស់ផ្ទះជួលខាងលើនេះ គឺដើម្បីចូលរួមជូនកម្មករនិយោជិត ក៏ដូចប្រជាពលរដ្ឋទូទៅ ដែលកំពុងជួបនូវការលំបាកនានា ដោយសារការរាតត្បាតជំងឺកូវីដ១៩។

ជាលទ្ធផល ម្ចាស់ផ្ទះជួលបានយល់អំពីការលំបាកនេះ ហើយពួកគាត់បានបញ្ជាក់វិញថា ប្រសិនបើជំងឺកូវីដ១៩នេះ នៅតែបន្តរាលដាលធ្ងន់ធ្ងរ ពួកគាត់នឹងបញ្ចុះថ្លៃជួលខ្លះ ដោយហេតុថា ពួកគាត់ក៏ខ្ចីលុយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ យកមកសាងសង់សម្រាប់ជួលឱ្យកម្មករនេះផងដែរ ដូច្នេះពួកគាត់ត្រូវមានបង់រម្លស់ឱ្យធនាគារ និងគ្រឹះស្ថានទាំងនោះដូចគ្នាដែរ។

គួរជម្រាបថា រហូតមកដល់ពេលនេះ មានម្ចាស់ផ្ទះជួល-បន្ទប់ជួលមួយចំនួនហើយ ដែលបានប្រកាសផ្អាកយកថ្លៃជួលបន្ទប់ពីអ្នកស្នាក់នៅ ដូចជានៅខេត្តពោធិ៍សាត់ ខេត្តកណ្តាល និងខេត្តព្រះសីហនុជាដើម។ ការយោគយល់អធ្យាស្រ័យរបស់ម្ចាស់ផ្ទះជួលទាំងនេះ គឺជាការបង្ហាញនូវទឹកចិត្តចូលរួមចំណែកដោះស្រាយបញ្ហាលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ក៏ធ្ងន់ធ្ងរនេះ។

ជាមួយគ្នានោះ លោក សោម អូន ក៏បានបង្ហាញក្ដីសង្ឃឹមថា ម្ចាស់ផ្ទះជួលជាច្រើនទៀតនឹងយោគយល់ដល់អ្នកជួលបន្ទប់ ឬជួលផ្ទះរបស់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមកក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ១៩នេះ។

នៅថ្ងៃទី២៦ ខែមីនានេះដែរ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានអំពាវនាវយ៉ាងទទូចដល់ម្ចាស់ផ្ទះ ឬបន្ទប់ជួល សូមពិនិត្យលទ្ធភាពបញ្ចុះថ្លៃ ឬលើកលែងថ្លៃជួលផ្ទះ-បន្ទប់ ដើម្បីសម្រាលបន្ទុកចំណាយ និងការលំបាករបស់កម្មករនិយោជិត។

លោក ឃួង ស្រេង ក៏បានសុំឱ្យម្ចាស់ផ្ទះ ឬបន្ទប់ជួល គួរមានការយោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ផងដែរ និងគួរលើកលែងការពិន័យឱ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់ចំពោះការយឺតយ៉ាវក្នុងការបង់ប្រាក់ថ្លៃឈ្នួលផងដែរ៕