(ភ្នំពេញ)៖ តំណាងរាស្ត្រវ័យក្មេង លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានលើកឡើងថា កម្ពុជាកំពុងតែឈានមុខ ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្លួន ដែលមានន័យថា ការវិលត្រលប់ទៅរកប្រក្រតីភាព កាន់តែអាចធ្វើទៅបានឆាប់រហ័ស។

តាមរយៈ Facebook ផ្លូវការ, លោក ហ៊ុន ម៉ានី បានថ្លែងថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងស៉ីណូវ៉ាក់ ចំនួន ១,៥លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជាពីប្រទេសចិន សម្រាប់បម្រើឱ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលកំពុងត្រូវបានអនុវត្តយ៉ាងមមាញឹក។ លោកបានថ្លែងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដោយបានត្រៀមលក្ខណៈគ្រប់គ្រាន់ សម្រាប់ការដោះស្រាយ លើការទទួលវ៉ាក់សាំងជាបន្តបន្ទាប់ ដែលវ៉ាក់សាំងនេះជាទំនិញយុទ្ធសាស្រ្តមួយ ដែលមានការពិបាកក្នុងការបញ្ជាទិញ។

លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ការទទួលបានវ៉ាក់សាំងទាមទារនូវការងារជាច្រើនណាស់ ទាំងលើការគិតគូរ និងការចចារមុននឹងឈានដល់ការទទួលបានក្នុងចំនួន និងពេលវេលាជាក់លាក់ណាមួយនោះ។ លោករំឭកផងដែរថា នេះជាលើកដំបូងដែលកម្ពុជាទទួលបានវ៉ាក់សាំងដែលជាការបញ្ជាទិញផ្ទាល់។ ដោយឡែក វ៉ាក់សាំងដែលមកដំបូង គឺជាជំនួយសប្បុរសធម៌ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

«ទាំងនេះសរបញ្ជាក់ឱ្យឃើញថា ស្ថិតក្នុងដំណាក់កាលដ៏លំបាកនេះ កម្ពុជាកំពុងតែឈានមុខក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្លួន ដែលមានន័យថាការវិលត្រលប់ទៅរកប្រក្រតីភាពកាន់តែអាចធ្វើទៅបានឆាប់រហ័ស»។ នេះជាការបញ្ជាក់បន្ថែម របស់អ្នកតំណាងរាស្ត្រវ័យក្មេង។

ទោះជាយ៉ាងណាក្តី អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី បានសំណូមពរដល់ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ ត្រូវប្រកាន់ខ្ជាប់វិធានសុខាភិបាល «៣កុំ ៣ការពារ» និងត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ទើបកម្ពុជាអាចយកឈ្នះលើជំងឺឆ្លងរាតត្បាតដ៏អាក្រក់នេះបាន។

សូមជម្រាបថា មកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំង ៣ប្រភេទហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ។ ក្នុងនោះ វ៉ាក់សាំងស៉ីណូហ្វាម ដែលជាអំណោយមហាមិត្តចិន មានចំនួន ១លាន ៣សែនដូស ខណៈបានមកដល់កម្ពុជា នៅដើមខែកុម្ភៈ ឆ្នាំ២០២១ ចំនួន ៦០ម៉ឺនដូស ហើយចំនួន ៧០ម៉ឺនដូសទៀត នឹងមកដល់នៅចុងខែមីនា ឆ្នាំ២០២១នេះ។

ក្រៅពីនេះ វ៉ាក់សាំងអាស្ត្រាហ្សេណេកា ( Astra Zeneca) ដែលកម្ពុជាទទួលបានពីអង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ កាលពីដើមខែមីនា ឆ្នាំ២០២១ ក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស។ បន្ថែមលើនេះ វ៉ាក់សាំងស៉ីណូវ៉ាក់របស់ចិន ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញ ចំនួន ១លាន៥សែនដូស ក៏បានមកដល់នៅថ្ងៃទី២៦ ខែមីនានេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់ប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់សាំងចំនួន ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ១០លាននាក់ ដោយមិនគិតថ្លៃ។ ក្នុងចំណោមវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅក្នុងផែនការរបស់កម្ពុជាទាំង ២០លានដូសនេះ និងមានជំនួយ ១១លានដូស៕