(ភ្នំពេញ)៖ លោក AFFENDI BIN DATO’ SALLEH អគ្គនាយក ស្ថាប័នចារកម្មស៊ីវិលម៉ាឡេស៊ី និង លោកឧត្តមសេនីយ៍ឯក DATUK AHMAD NORIHAN BIN JALAL អគ្គនាយកនៃស្ថាប័នចារកម្មយោធាម៉ាឡេស៊ី តំណាងរដ្ឋាភិបាលម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា។

ជាមួយនឹងវត្តមានប្រធានស្ថាប័នចារកម្ម២រូបរបស់ម៉ាឡេស៊ីនៅកម្ពុជានេះ រដ្ឋាភិបាលម៉ាឡេស៊ី បានផ្តល់ជំនួយថវិកា និងសម្ភារៈវេជ្ជសាស្ត្រប្រឆាំងជំងឺកូវីដ-១៩ មួួយចំនួន ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមាន ម៉ាសពេទ្យ (៣ ស្រទាប់), ស្រោមដៃពេទ្យទំហំ M និង L, របាំងមុខ ឈុតសម្លៀកបំពាក់ការពារជំងឺកូវីដ (PPE), ឧបករណ៍តេស្តេរកមេរោគ និង ថវិកាចំនួន ៥ម៉ឺនដុល្លារ ដែលបានផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិកម្ពុជា។

ការជួយឧបត្ថម្ភនេះ ជាការគាំទ្ររបស់រដ្ឋាភិបាលម៉ាឡេស៊ី ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

កម្មវិធីផ្តល់ជំនួយនេះ បានប្រព្រឹត្តិទៅនៅអាកាសយានដ្ឋា ននៃបញ្ជាការរដ្ឋានកងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ហើយបន្ទាប់ពីបានផ្តល់ជំនួយ គណៈប្រតិភូម៉ាឡេស៊ី បានធ្វើមាតុភូនិវត្តន៍ត្រលប់ទៅវិញ នៅវេលាម៉ោង១១:០០ នាទី ថ្ងៃទី២៦ ខែមីនានេះផងដែរ៕