(ពោធិ៍សាត់)៖ លោកឧកញ៉ាបណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងលោកជំទាវឧកញ៉ា គៀន ស្រីនាង បានផ្តល់នូវស្បៀអាហារមួយចំនួនធំជូនដល់រដ្ឋបាលស្រុកវាលវែង និងប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក។

ការផ្តល់នូវអំណោយជាស្បៀងអាហារនេះ ដើម្បីចូលរួមចំណែកដោះស្រាយការខ្វះរបស់អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក។ អំណោយនេះ ក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងជួបការលំបាកបង្កឡើងដោយមេរោគកូវីដ១៩ផងដែរ។

អំណោយរបស់លោកឧកញ៉ា និងលោកជំទាវឧកញ៉ា ត្រូវបានក្រុមការងារយកប្រគល់ជូនដល់មន្ត្រីរដ្ឋបាលស្រុកវាលវែងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ អំណោយសម្រាប់រដ្ឋបាលសាលាស្រុករួមមាន៖ អង្ករ ៥០០គីឡូក្រាម, មី ៥០កេះ, ត្រីខ ៥កេះធំ, ទឹកត្រីទឹកស៊ីអ៉ីវ ៤០យួរ, ម៉ាស ៥,០០០ម៉ាស, ទឹកអាល់កុល ១៥០លីត្រ, ទឹកសុទ្ធ ១០០យួរ និងថវិកា ៨លានរៀល។ ដោយឡែកអំណោយសម្រាប់អ្នកធ្វើចត្តាឡីស័កវិញ ក្នុងម្នាក់ទទួលបាន មី ១០កញ្ចប់, ត្រីខ ៥កប៉ុង, ម៉ាស ១០ម៉ាស, ទឹកសុទ្ធ ១យួរ, ទឹកអាល់កុល ១ដប និងថវិកា ៤០,០០០រៀល។

ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារបានពាំនាំនូវមតិផ្តាំផ្ញើ និងសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសំណាក់លោកឧកញ៉ាបណ្ឌិត និងលោកជំទាវ ជម្រាបដល់មន្ត្រីស្រុកវាលវែងទាំងអស់ ដែលបាននិងកំពុងបម្រើការងារ បំពេញតួនាទីជូនរាជរដ្ឋាភិបាលដោយស្មារតីទទួលខុសត្រូវ ជាមួយការយកចិត្តទុកដាក់ខ្ពស់។

ក្រុមការងារក៏បានសំណូមពរដល់រដ្ឋបាលសាលាស្រុក បន្តជំរុញការផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងការក្រើនរំលឹករបស់សម្តេចតេជោ «៣ការពារ ៣កុំ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារជំងឺកូវីដ១៩ កុំឱ្យឆ្លងក្នុងសហគមន៍៕