(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះលោក លឹម ជា នាយកក្រុមហ៊ុន តៃអ៊ីហ្ស៊ីអ៊ិនធើណាស្សិនណល ខូ.,អិលធីឌី មានទីតាំងស្តិតនៅផ្លូវជាតិលេខ៥ ភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានប្រកាសផ្តល់បន្ទប់ជួលចំនួន២៧០បន្ទប់ ដោយមិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនី រហូតដល់បញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

លោក លឹម ជា បានរៀបរាប់នៅលើ Facebook របស់លោកយ៉ាងដូច្នេះថា «ខ្ញុំបាទ លឹម ជា នាយកក្រុមហ៊ុន តៃអ៊ីហ្ស៊ីអ៊ិនធើណាស្សិនណល ខូ.,អិលធីឌី មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥ ភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សូមចូលរួមរំលែកការលំបាករបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដែលខំប្រឹងប្រែងក្នុងការទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវិត១៩ នៅក្នុងប្រពឹត្តិការណ៍ថ្ងៃទី២០ កុម្ភៈ កន្លងមកនេះ និងសហការចូលរួមជាមួយអាជ្ញាធមូលដ្ឋាន ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងការកាត់បន្ថយការលំបាក និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដោយក្តីគោរពស្រលាញ់និងរាប់អាន ខ្ញុំបាទសូមចូលរួមមិនយកប្រាក់ឈ្នួលជួលបន្ទប់ ចំនួន២៧០បន្ទប់ ចាប់ពីពេលនេៈរហូតដល់បញ្ចប់ព្រឹត្តិការណ៍សហគមន៏ ២០កុម្ភៈ។ អរគុណ សន្តិភាព!»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសរបស់លោក លឹម ជា ដែលបានចូលរួមជួយសម្រាលបន្ទុករបស់កម្មករ-កម្មការិនី ហើយសង្ឃឹមថា នឹងមានបងប្អូនដែលមានផ្ទះជួលផ្សេងទៀតបន្តចូលរួម ដែលនឹងក្លាយជាចលនាជាតិជួយគ្នាក្នុងគ្រាលំបាកនេះ។

កម្ពុជាកំពុងទទួលរងនូវការរីករាលដាល ជំងឺកូវីដ១៩យ៉ាងខ្លាំង បានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច និងការរកស៊ីទទួលទានរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេស ដូច្នេះការប្រកាសរបស់ម្ចាស់បន្ទប់ជួលខាងលើនេះ ពិតជាគំរូដ៏ល្អសម្រាប់ជួយសំរាល បន្ទុកកម្មករ-កម្មការិនី ហើយទង្វើប្រពៃបែបនេះទទួលបានការគាំទ្រ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងទទួលបានការសាទរពីប្រជាពលរដ្ឋខ្មែរផងដែរ៕