(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាបិទជាបណ្ដោះអាសន្នការចេញចូលបរិវេណបុរីសិរីមង្គល ដែលមានទីតាំងស្ថិតភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ក្រោយរកឃើញមនុស្ស៧នាក់បានឆ្លងជំងឺកូវីដ១៩។

លិខិតរបស់លោកអភិបាលខេត្តកណ្ដាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានដាក់បទបញ្ជាទៅកាន់អភិបាលក្រុងតាខ្មៅ យ៉ាងដូច្នេះថា៖

*បិទជាបណ្តោះអាសន្នការធ្វើដំណើរចេញចូលបរិវេណបុរីសិរីមង្គល ស្ថិតនៅភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ។ ចំពោះប្រជាពលរដ្ឋរស់នៅក្នុងបុរីនេះ អាចអនុញ្ញាតឲ្យចូលស្នាក់នៅ តែមិនអនុញ្ញាតឲ្ហចេញ ដោយត្រូវធ្វើការគ្រប់គ្រងទីតាំងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។

*បន្តធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ដើម្បីយកសំណាកធ្វើតេស្តរកវីរុសកូរីដ-១៩ និងដាក់ឲ្យធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល៕