(ព្រះវិហារ)៖ យ៉ាងហោចណាស់មានម្ចាស់អាជីវកម្មសេវកម្មចំនួន ២៥ទីតាំង នៅក្នុងខេត្តព្រះវិហារ ទទួលបានបណ្ណសរសើរ និងពានលើកទឹកចិត្តចំពោះការចូលរួមអនុវត្តបានយ៉ាងល្អប្រសើរ «បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍» ក្នុងដំណាក់កាលកូវីដ-១៩។

លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះវិហារ បានឱ្យដឹង នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះថា៖ «ក្រោមកិច្ចសហការ រវាងក្រសួងទេសចរណ៍ ជាមួយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្រុមការងាររបស់ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានចុះវាយតម្លៃដល់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន អាហារដ្ឋាននៅក្នុងក្រុងព្រះវិហារ និងឃុំស្រអែម ស្រុកជាំក្សាន្ត សរុបចំនួន ៤៧ទីតាំងអាជីវកម្ម លើការចូលរួមចាត់តាំងអនុវត្ត បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ ក្នុងដំណាក់កាលកូវីដ-១៩ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ»

ប្រធានមន្ទីរទេសចរណ៍ខេត្តរូបនេះ បានបញ្ជាក់ថា លទ្ធផលសម្រេចបានក្នុងការត្រួតពិនិត្យវាយតម្លៃ មានមូលដ្ឋានអាជីវកម្មសេវាកម្មចំនួន២៥ទីតាំង ដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ នាដំណាក់កាលកូវីដ-១៩ និងបានប្រគល់បណ្ណសរសើរ និងពានដោយក្រុមការងាររបស់មន្ទីទេសចរណ៍ខេត្ត កាលពីថ្ងៃទី២៣ ដល់ទី២៥ ខែមីនា ឆ្នាំ២០២១នេះ នៅមន្ទីរទេសចរណ៍ខេត្ត និងនៅសណ្ឋាគារព្រះវិហារជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត។

ជាមួយគ្នានេះដែរ លោក គង់ វិបុល ក៏បានអំពាវនាវឱ្យម្ចាស់អាជីវកម្ម សេវាកម្មសូមចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន និងមុឺងម៉ាត់បំផុតនិងវិធានទេសចរណ៍ និងវិធានសុខាភិបាល ដែលបានដាក់ចេញជាបន្តបន្ទាប់កន្លងមក នៅក្នុងការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន មុឺងម៉ាត់បំផុតទាក់ទងនឹងសារាចរណ៍ណែនាំរបស់រដ្ឋាភិបាលក៏ដូចជា ក្រសួងទេសចរណ៍ នៅក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ គឺមូលដ្ឋានអាជីកម្ម សេវាកម្មនីមួយៗ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «៣ការពារ និង៣កុំ» នៅទីតាំងរបស់ខ្លួនជាពិសេសត្រូវភ្ជាប់ QR Code សម្រាប់ឱ្យភ្ញៀវស្កែន ជាពិសេសត្រូវអនុវត្តន៍បរិស្ថានគ្មានផ្សែងបារីឱ្យបានល្អថែមទៀត ចំពោះអ្នកដែលទទួលបានបណ្ណសរសើរ ពាន និងម្ចាស់អាជីវកម្មសេវាកម្មដែលមិនទាន់ទទួលបានបណ្ណសរសើរផងដែរ៕