(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វរាជហឫទ័យប្រោសព្រះរាជទាននូវអំណោយមួយចំនួនដល់ក្រុមបច្ចេកទេស និងកម្មករដែលកំពុងជួសជុលកែលម្អប្រាសាទនានានៅក្នុងព្រះបរមរាជវាំង និងនៅព្រះរាជដំណាក់ខេត្តសៀមរាប សរុប ២៣២ នាក់។

ជាក់ស្ដែង នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង រួមសកម្មភាពដោយលោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយទាំងនោះចែកជូនដល់ស្ថាបត្យករ វិស្វករ ក្រុមអ្នកបច្ចេកទេស និងកម្មករ ដែលកំពុងជួសជុលជាប្រចាំនូវព្រះរាជសមទ្ធិផល ដែលជាព្រះរាជកេរមរតកដ៏ថ្លៃថ្លាបន្សល់ទុកពីព្រះបរមអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរនៅក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ និងការកសាងសមទ្ធិផលនៅព្រះរាជដំណាក់ខេត្តសៀមរាប។

លោក គុយ សុផល បានជម្រាបជូនពីព្រះរាជបណ្តាំផ្ញើដ៏ខ្ពង់ខ្ពស់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា ព្រមទាំងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវសេចក្តីនឹករលឹកសាកសួរសុខទុក្ខ ដោយព្រះរាជហឫទ័យស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះស្ថាបត្យករ វិស្វករ ក្រុមអ្នកបច្ចេកទេស និងកម្មករសំណង់គ្រប់រូបជាកូនចៅចៅទួតរបស់ព្រះអង្គបម្រើការងារនៅក្នុងព្រះបរមរាជវាំង និងនៅព្រះរាជដំណាក់ខេត្តសៀមរាប។

ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានពរជ័យមង្គលជូនដល់ស្ថាបត្យករ វិស្វករ ក្រុមអ្នកបច្ចេកទេស និងកម្មករ-កម្មការិនី សំណង់ សូមសម្រេចទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងបេសសកម្មដ៏វិសេសវិសាលរបស់ខ្លួននៃការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាស្នាព្រះហត្ថដ៏ថ្លៃថ្លារបស់អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរឲ្យមានភាពគង់វង្ស និងបានប្រកបនូវព្រះពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោក គុយ សុផល បានជួយក្រើនរំលឹកដល់ពួកគេ ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ ៣កុំ និងគោរពទៅតាមគោលការណ៍ដ៏ល្អប្រពៃផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់កុំឲ្យមេរោគកូវីដ១៩ ឆ្លងរីករាលដាលនៅក្នុងសង្គមជាតិ។

ព្រះរាជអំណោយព្រះមហាក្សត្រ ដែលលោក គុយ សុផល និងលោក ឈា ហន បានចែកជូនដល់ស្ថាបត្យករ វិស្វករ ក្រុមអ្នកបច្ចេកទេស និងកម្មករសំណង់ទាំង ២៣២ នាក់ ក្នុងម្នាក់ៗទទួលបានសារុង ក្រមា អាវយឺតមានផ្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ចំនួន ១ និងថវិកាចំនួន ២០ ម៉ឺនរៀល។

អ្នកបម្រើការងារផ្នែកសំណង់នៅក្នុងព្រះបរមរាជវាំង និងនៅព្រះរាជដំណាក់ខេត្តសៀមរាប បានសម្តែងនូវសេចក្តីរំភើបត្រេកអរដោយឥតឧបមា និងបានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជទានដ៏ឧត្តុងឧត្តមនេះ។ កូនចៅសូមថ្វាយព្រះសព្ទសាធុការពរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គបានប្រកបនូវព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពដ៏ល្អបរិបូរណ៍ និងមានព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់កូនចៅចៅទួតរបស់ព្រះអង្គជាដរាបតរៀងទៅ៕