(កណ្ដាល)៖ អាជ្ញាធរខេត្តកណ្ដាល នឹងបើកដំណើរការមណ្ឌលសុខភាពសង្កាត់ព្រែកហូរឡើងវិញ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ ក្រោយពីបានបាញ់ថ្នាំសំលាប់មេរោគរួចរាល់។ នេះបើតាមមន្ត្រីសាលាខេត្ត បានប្រាប់មកភ្នាក់ងារ Fresh News ប្រចាំខេត្តនៅល្ងាចថ្ងៃទី២៧ ខែមីនានេះ។

ប្រភពបានបញ្ជាក់ថា មណ្ឌលសុខភាពនេះ មានសារ:សំខាន់ណាស់ ដោយបានទទួពិនិត្យ និងព្យាបាលជម្ងឺជូនដល់បងប្អូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ខណ:ដែលការឆាប់បើកឡើងវិញនេះ គឺយោងតាមតម្រូវការចាំបាច់ របស់បងប្អូនប្រជាពលរដ្ឋក្នុងការពិនិត្យ និងពិគ្រោះជម្ងឺជាចាំបាច់។

គួរជម្រាបជូនថា មណ្ឌលសុខភាពព្រែកហូរនេះ ត្រូវបានបិទបណ្ដោះអាសន្តកាលពីម្សិលមិញ ក្រោយទទួលដំណឹងថា ពលរដ្ឋ២នាក់ប្ដីប្រពន្ធមានវិជ្ជមានកូវីដ១៩ បានមកសំរាកព្យាបាលនៅមណ្ឌលសុខភាពនេះ ហើយអ្នកទាំង២ ត្រូវបានគេបញ្ជូនទៅសំរាក និងព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទោះយ៉ាងណា អាជ្ញាធរបានជំរុញឱ្យអ្នកដែលធ្លាប់មកទទួលសេវានៅមណ្ឌលសុខភាពព្រែកហូរ ចាប់តាំងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ត្រូវមកឱ្យគ្រូពេទ្យយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរីករាលដាល ជម្ងឺកូវី១៩៕