(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចយកសណ្ឋាគារ «សម័យថ្មី អន្តរជាតិ» ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ មួយកន្លែងទៀតក្នុងខេត្ត ដែលសណ្ឋាគារនេះមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ម្ចាស់សណ្ឋាគារសម័យថ្មី អន្តរជាតិ ត្រូវមានភារកិច្ច៖

* ផ្អាកមិនទទួលភ្ញៀវដទៃឱ្យស្នាក់នៅក្នុងសណ្ឋាគារ។

* ត្រូវសហការជាមួយក្រុមការងាររដ្ឋបាលខេត្ត និងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត ដើម្បីរៀបចំទីតាំងខាងលើឱ្យមានលក្ខណៈសមស្របជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩។

* រៀបចំសម្អាតអនាម័យ បាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងសណ្ឋាគារទាំងក្នុង និងជុំវិញបរិវេណសណ្ឋាគារ មុនពេលយកអ្នកជំងឺមកព្យាបាល និងក្រោយពេលបញ្ចប់មុខងារជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩។

* ត្រូវណែនាំដល់បុគ្គលិក និងអ្នកពាក់ព័ន្ធក្នុងសណ្ឋាគារដែលចាំបាច់ត្រូវនៅបម្រើការងារបន្ត ដូចជា អ្នកសម្អាតអនាម័យ អ្នកដាំស្ល ឬសន្តិសុខជាដើម ឱ្យអនុវត្តបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវស្នាក់នៅដាច់ដោយឡែកក្នុងសណ្ឋាគារដែលជាកន្លែងព្យាបាល មិនត្រូវចេញទៅក្រៅដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។

* ត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីក្រុមហ៊ុនប្រមូលសំរាមដឹកជញ្ជូនយកទៅដុតកម្ទេចចោល។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ ខេត្តព្រះសីហនុមានកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន៣ទីតាំងហើយ ក្នុងនោះរួមមាន៖

*ទី១៖ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឬមន្ទីរពេទ្យចំការចេក ដែលមានទីតាំងស្ថិតនៅតាមផ្លូវចំការចេក (ផ្លូវលេខ ២០០) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

*ទី២៖ សណ្ឋាគារ «សាកាណា» ដែលមានទីតាំងស្ថិតនៅផ្លូវ១២២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

*ទី៣៖ គឺនៅសណ្ឋាគារ «សម័យថ្មី អន្តរជាតិ» ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ៕