(ភ្នំពេញ)៖ ក្រសួងសុខាភិបាលប្រកាសផ្លូវការ៖ ករណីអ្នកជំងឺកូវីដ១៩ម្នាក់ នៅខណ្ឌប្ញស្សីកែវ អាយុ៧២ឆ្នាំ បានស្លាប់ ពេលព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។

ស្ត្រីខាងលើនេះ បានចូលពិនិត្យជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៧៖៥៦ នាទីព្រឹក ហើយត្រូវបានយកសំណាកនៅមន្ទីរកាល់ម៉ែត ដោយលទ្ធផលវត្ថុសំណាករបស់គាត់ ដែលចេញដោយមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស័្ទរកម្ពុជា បញ្ជាក់ថាមានវិជ្ជមានវីរុសកូវីដ-១៩។ បន្ទាប់មក អ្នកជំងឺនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១៖២៦ នាទីថ្ងៃត្រង់។ ដោយសារអ្នកជំងឺមានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងៗ អ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ១៖៤៤ នាទីរសៀល ទោះបីជាក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះតាមបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។