(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញលិខិតថ្លែងអំណរគុណជូនចំពោះលោកស្រី មៀវ ចេង ម្ចាស់ផ្ទះជួល ១២០បន្ទប់ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែបានប្រកាសបញ្ចុះថ្លៃជួលបន្ទប់ ៥០% ដល់កម្មករ-កម្មការនី និងអ្នកជួលបន្ទប់ទាំងអស់ ក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងជួបនូវវិបត្តិជំងឺកូវីដ១៩នេះ។

តាមរយៈលិខិតថ្លែងអំណរគុណរបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះលោកស្រី មៀវ ចេង ដែលមានសមានចិត្តជួយសម្រាលបន្ទុកជូនបងប្អូនជាកម្មករ កម្មការនី ព្រមទាំងអ្នកជួលបន្ទប់ទាំងអស់មានចំនួន ១២០ បន្ទប់ ដោយបញ្ចុះតម្លៃ ៥០ ភាគរយ ដែលមានទីតាំងស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតដល់មានការជូនដំណឹងជាថ្មីអំពីស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ដែលប្រទេសយើងកំពុងប្រឈមមុខទប់ទល់នឹងវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ១៩»

លោកស្រី មៀវ ចេង បានឱ្យដឹងថា ការសម្រេចបញ្ចុះថ្លៃជួលបន្ទប់នេះ ត្រូវបានធ្វើឡើងក្រោយពីមានការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីលើកទឹកចិត្តឱ្យម្ចាស់ផ្ទះជួល ឬបន្ទប់ជួលនៅទូទាំងប្រទេសកម្ពុជា ចូលរួមជួយសម្រាលបន្ទុករបស់កម្មករ-កម្មការនី ក៏ដូចជាអ្នកជួលផ្ទះ ឬបន្ទប់របស់ខ្លួន ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩។

គួរកត់សម្គាល់ថា មកដល់ពេលនេះ គេសង្កេតឃើញមានអ្នកមានផ្ទះជួល និងបន្ទប់ជួលជាច្រើននាក់ហើយ ដែលបានប្រកាសពីការមិនយកថ្លៃឈ្នួល និងបញ្ចុះថ្លៃជួលផ្ទះ-បន្ទប់ ពីកម្មករនិយោជិត ក៏ដូចជាអ្នកដែលកំពុងជួលផ្ទះស្នាក់នៅ និងអាជីវករលក់ដូរជាដើម ខណៈកាយវិការប្រកបដោយទឹកចិត្តសប្បុរសទាំងនោះ ពិតជាបានជួយកាត់បន្ថយការលំបាក និងការចំណាយរបស់អ្នកជួលផ្ទះ-បន្ទប់ទាំងឡាយ ក្នុងអំលុងពេលការរកចំណូលរបស់ពួកគេបានធ្លាក់ចុះ ព្រោះតែរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩នោះ។

សប្បុរសជនដែលបានប្រកាសមិនយកថ្លៃឈ្នួល និងបញ្ចុះថ្លៃជួលផ្ទះ-បន្ទប់ ពីកម្មករនិយោជិត ក៏ដូចជាអ្នកជួលទាំងនោះ រួមមាន៖

* ទី១៖ លោក ហេង វាសនា ម្ចាស់បន្ទប់ជួលចំនួន ៤៦បន្ទប់ នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់

* ទី២៖ លោក ឈឿន ប៊ុនឆន ម្ចាស់បន្ទប់ជួលចំនួន ៦៩បន្ទប់ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល

* ទី៣៖ លោក លឹម ជា ម្ចាស់បន្ទប់ជួល ២៧០បន្ទប់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

* ទី៤៖ លោក មីន រស្មី ម្ចាស់បន្ទប់ជួល ៥៣បន្ទប់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

* ទី៥៖ លោក គី សួគ៌ ម្ចាស់បន្ទប់ជួលចំនួន ២៧១បន្ទប់ ដែលមានទីតាំងនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

* ទី៦៖ លោកឧកញ៉ា ស្រី ចាន់ថន ដែលមានផ្ទះជួល/តូបជួលចំនួន ៥០០ល្វែង/តូប នៅតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន 7NG ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

* ទី៧៖ លោកស្រី មៀវ ចេង ម្ចាស់ផ្ទះជួល ១២០បន្ទប់ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ៕