(ភ្នំពេញ)៖ អាជីវករ បុគ្គលិកអនាម័យ កម្មករលីសែង ម៉ូតូឌុប និងអ្នកធាក់ស៊ីក្លូ ដែលមានជីវភាពខ្វះខាត និងកំពុងប្រកបរបររកស៊ីនៅក្នុងផ្សារធំថ្មីចំនួន១៩៨នាក់ ទទួលបានអំណោយជាអង្ករពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ពិធីអំណោយជាអង្ករនេះ បានធ្វើឡើងនៅក្នុងបរិវេនផ្សារធំថ្មី នៅព្រឹកថ្ងៃទី២៩ ខែមីនានេះក្រោមវត្តមានលោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ និងលោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី រួមជាមួយមន្ត្រីពាក់ព័ន្ឋ មួយចំនួនផងដែរ។

ក្នុងឱកាសអញ្ជើញផ្តល់អំណោយនោះ លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី បានបញ្ជាក់ថា អំណោយជាអង្ករនេះ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រគល់មក ដើម្បីឲ្យចែកជូនដល់បងប្អូន អាជីវករ បុគ្គលិកអនាម័យ កម្មករលីសែង ម៉ូតូឌុប និងអ្នកធាក់ស៊ីក្លូដែលមានជីវភាពខ្វះខាត និងកំពុងប្រកបរបររកស៊ីនៅក្នុងផ្សារធំថ្មី ដើម្បីដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ។

លោកស្រី ប៉ុន ដានី បានបន្តថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែ យកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ត្រូវស្លាប់ដោយសារគ្មានស្បៀងអាហារនោះឡើយ។

ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួចក៏ពិតមែន ប៉ុន្តែអំណោយនេះអាចជួយរំលែកទុក្ខលំបាករបស់បងប្អូនបានមួយចំណែកផងដែរ។ ជាមួយគ្នានោះ លោកស្រី នូ ថាវរី បានអំពាវនាវឲ្យង្កើនការ ប្រុងប្រយ័ត្ន និងអនុវត្តវិធានរបស់ក្រសួង សុខាភិបាល ដោយត្រូវពាក់ម៉ាស ឧស្សាហ៍លាងដៃនឹងអាកុលឬសាប៊ូ សម្អាតអនាម័យខ្លួនប្រាណ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីបន្តទប់ស្កាត់នូវការឆ្លងរាលដាលនូវជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា៕