(ភ្នំពេញ)៖ លោកស្រី ប៉ុន ដានី ប្រធានគណៈកម្មការគ្រប់គ្រងផ្សារធំថ្មី បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះថា គិតត្រឹមរសៀលនេះ មិនទាន់មានអាជីវករលក់មាសណាម្នាក់នៅផ្សារធំថ្មី បានឆ្លងជំងឺកូវីដ១៩នោះទេ គ្រាន់តែមានមន្ដ្រីសុខាភិបាល ចុះមកយកសំណាក ហើយលទ្ធផលក៏មិនទាន់ចេញនោះដែរ។

បើតាមលោកស្រី ប៉ុន ដានី អាជីវករលក់មាសដែលត្រូវមន្ដ្រីសុខាភិបាលចុះយកសំណាកនោះ ដោយសារតែគាត់មានកូនបានឆ្លងជំងឺកូវីដ១៩ ក៏ប៉ុន្ដែបច្ចុប្បន្ននេះ រូបគាត់នៅកូន មិនបានស្នាក់នៅផ្ទះជាមួយគ្នានោះទេ។ ដូច្នេះលោកស្រី សូមធ្វើការច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានផ្សាយប្រឌិត ជុំវិញករណីវិជ្ជមានជំងឺកូវីដ១៩ លើអាជីវករនៅផ្សារដែលលោកស្រីគ្រប់គ្រង។

បើតាមប្រធានគណៈកម្មការផ្សារ អាជីវករឈ្មោះ គោ ជាអាជីវករលក់មាស នៅផ្សារធំថ្មី បានខកខានមកផ្សារតាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១មកម្ល៉េះ ដោយលោកបានទៅស្នាក់នៅផ្ទះ ជាមួយក្រុមគ្រួសាររបស់គាត់ ខណៈដែលកូនស្រីរបស់គាត់ មានការពាក់ព័ន្ធមានវិជ្ជមានជំងឺកូវីដ១៩។
ដោយឡែក សម្រាប់អាជីវករឈ្មោះ គោ រួមជាមួយសមាជិកគ្រួសារចំនួន៦នាក់ទៀត ត្រូវបានមន្ដ្រីសុខាភិបាលចុះទៅយកសំណាក នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីធ្វើតេស្ដរកជំងឺកូវីដ១៩។ ដូច្នេះលោកស្រី សូមធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋ ក៏ដូចអាជីវករទាំងអស់ កុំមានការភ្ញាក់ផ្អើល។

ជាមួយគ្នានេះ លោកស្រី ប៉ុន ដានី ក៏បានបន្ដអំពាវនាវឲ្យអាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឲ្យបាននូវវិធានរបស់ក្រសួងសុខាភិបាល ពិសេសគឺអនុវត្តទៅតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គឺ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ទាំងអស់គ្នា៕