(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលដឹងថាខ្លួនមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលនៅស្រុកមុខកំពូល ជាមួយបុគ្គលឈ្មោះ ប៊ុន សក្កដា រស់នៅភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ សូមសហការជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីយកសំណាកធ្វើតេស្តរកជំងឺកូ វីដ-១៩ ខណៈមនុស្ស១២នាក់ផ្សេងទៀត នៅស្រុកពញាឮ ក៏មានផ្ទុកជំងឺកូវីដ-១៩ ផងដែរ។

ការអំពាវនាវបែបនេះ របស់លោកអភិបាលខេត្តកណ្តាល បានធ្វើឡើងនាថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ ក្នុងឱកាសលោកបានកោះហៅមន្ត្រីពាក់ព័ន្ធប្រជុំបន្ទាន់ក្រោយរកឃើញពលរដ្ឋស្រុកមុខកំពូល ជាង១០០នាក់ មានជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយឈ្មោះ ប៊ុន សក្កដា ខណៈអាជ្ញាធររកឃើញមនុស្សជាង១០០នាក់ មានជាប់ព័ន្ធនឹងបុគ្គលនេះ។

អភិបាលខេត្តកណ្តាល បានអំពាវនាវយ៉ាងដូច្នេះថា៖ «ប្រជាពលរដ្ឋ ដែលដឹងថាខ្លួនមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយបុគ្គល ឈ្មោះ ប៊ុន សក្កដា ខាងលើសូមចូលរួមសហការជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីយកសំណាកធ្វើតេស្តរកមេរោគ និងធ្វើចត្តាឡីស័ក ដើម្បីចូលរួមកាត់ផ្តាច់សង្វាក់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ហើយត្រូវបន្តគោរព អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ ៣ការពារ និង៣កុំ»

លោក គង់ សោភ័ណ្ឌ បានឱ្យដឹងថា ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានការពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ ប៊ុន សក្កដា ក្រុមគ្រូពេទ្យជំនាញបានយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩។ រីឯអ្នកពាក់ព័ន្ធដោយប្រយោល បានដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ដែលរដ្ឋបាលស្រុកបានរៀបចំ៕