(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានដាក់ចេញវិធានការរដ្ឋបាលផ្អាកការជួបជុំ ផ្អាកសកម្មភាពអាជីវកម្មដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត ហាងលក់ភេសជ្ជៈ (គ្រឿងស្រវឹង) ដែលបើកបម្រើអតិថិជន ត្រូវផ្អាកទទួលភ្ញៀវជាបណ្ដោះអាសន្ន ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។

ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអះអាងថា ការដាក់ចេញវិធានការរដ្ឋបាលនេះ គឺចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ។

រដ្ឋបាលខេត្តកំពង់ស្ពឺ បានអះអាងថា រាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សត្រូវបានលើកលែងក្នុងករណីចាំបាច់ដូចខាងក្រោម៖

*ទី១៖ សកម្មភាពអាជីវកម្មតាមភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត អាចបម្រើសេវាកម្មជាលក្ខណៈវេចខ្ចប់
*ទី២៖ ការជួបជុំលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា
*ទី៣៖ ការរៀបចំពិធីបុណ្យសព ដោយគោរពតាមវិធានសុខាភិបាល និងតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច
*ទី៤៖ ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដែលបំពេញការងារថែរក្សាសង្គ្រោះបន្ទាន់ផ្សេងទៀត
*ទី៥៖ ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការបំពេញភារកិច្ច ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

គ្រប់ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋទាំងឡាយណា ដែលមិនចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ រដ្ឋបាលខេត្ត នឹងអនុវត្តវិធានការរដ្ឋបាលតាមផ្លូវច្បាប់ ដូចបានកំណត់ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំងលិខិតបទដ្ឋានគិតយុត្តពាក់ព័ន្ធជាធរមាន។

គួរជម្រាប ខេត្តកំពង់ស្ពឺ ជាខេត្តទី២ហើយ ដែលបានដាក់ចេញនូវវិធានការបណ្ដោះអាសន្ននេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ បន្ទាប់ពីរាជធានីភ្នំពេញ៕