(ព្រះវិហារ)៖ ផ្លូវក្រាលល្បាយថ្មចំនួន៣ខ្សែ ដែលស្ថិតនៅតាមបណ្តោយជើងភ្នំដងរែក ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានក្រុមការងារ ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បន្តធ្វើការជួសជុលឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗ របស់ប្រជាពលរដ្ឋមានភាពងាយស្រួល ទោះបីប្រទេសកម្ពុជាកំពងតែប្រឈមនឹងជំងឺកូវីដ១៩ក៏ដោយ។ នេះបើតាមការអះអាងរបស់លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។

លោក សំ លាងទ្រី បានឱ្យភ្នាក់ងារ Fresh News ដឹងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះបន្តទៀតថា ក្រុមការងារបានបន្តកិច្ចខិតខំប្រឹងប្រែងកៀសម្រួលផ្លូវក្រាលល្បាយ ថ្មចំនួន 0៣ខ្សែ នៅតាមបណ្ដោយជើងភ្នំដងរ៉ែក ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដូចជាផ្លូវខេត្តលេខ 2PVH1 ប្រវែង ៩.៥គីឡូម៉ែត្រ ដោយកៀរសម្រួល ថែមល្បាយថ្ម ស្រោចទឹក កិនបង្ហាប់ សម្រេចបានលទ្ធផល ១០០% និងបន្តកៀសម្រួលផ្លូវខេត្តលេខ 2627 ប្រវែង ១៣.៨គីឡូម៉ែត្រ ( ភូមិគ១ ដល់ភូមិអង្រ្គង) និងផ្លូវខេត្តលេខ 2PVH3 ប្រវែង ១៧គីឡូម៉ែត្រ ជើងភ្នំទ្រព្យ ដល់ភូមិអង្គ្រង)។

លោក សំ លាងទ្រី បានបន្ថែមថា ក្នុងអំឡុងរដូវវស្សាកន្លងទៅនេះ ផ្លូវជាច្រើនខ្សែក្នុងខេត្តព្រះវិហារ ត្រូវបានរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀង ប៉ុន្តែមិនដល់ថ្នាក់ រាំងស្ទះដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋនោះទេ ហើយក្រុមការងារថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏បានត្រៀមលក្ខណៈប្រចាំការ តាមគោលដៅ២៤ម៉ោង លើ២៤ម៉ោង ដើម្បីជួយសង្គ្រោះបន្ទាន់ពេលមានករណីគ្រោះទឹកជំនន់ភ្លាមៗ។

លោក សំ លាងទ្រី បានគូសបញ្ជាក់ដែរថា ដោយអនុវត្តន៍តាមការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក្រុមការងារថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានធ្វើសកម្មភាពជួសជុល ថែទាំផ្លូវថ្នល់នៅទូទាំងខេត្ត បានយ៉ាងល្អ ប្រសើរ ពិសេសផ្លូវយុទ្ធសាស្ត្រតាមក្រវ៉ាត់ព្រំដែនកម្ពុជា.ថៃ.ឡាវ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋ។

លោកប្រធានមន្ទីរសាធារណការ ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាផ្លូវថ្នល់ដើម្បីប្រយោជន៍ប្រើប្រាស់បានយូរអង្វែង ដោយកុំចាក់ដីខ្ពស់ជាងផ្លូវ កុំយកចំណីផ្លូវធ្វើអាជីវកម្ម ពិសេសកុំដឹកជញ្ជូនលើសទម្ងន់កំណត់៕