(សៀមរាប)៖ គ្រឿងចក្រច្រើនគឿងបានចាប់ផ្តើមជីកអាចម៍ដី ស្ដារបឹងពារាំងហើយ ដើម្បីសង្រ្គោះជីវិតសត្វ និងត្រីពូជ ក្នុងបឹងអភិរក្សមួយនេះ។

ការជីកបានធ្វេីឡេីងនារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានយល់ព្រមតាមសំណើរសហគមន៍ ខណៈដែលបឹងនេះគោករីងស្ងួតខ្លាំងនារដូវប្រាំងឆ្នាំនេះ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានចាប់ផ្តើមបញ្ជូនគ្រឿងចក្រចូលបឹងពារាំង ហើយបានដំណើរការជាបណ្ដើរៗហើយ ក្នុងការជីកស្ដារបឹងមួយនេះ។ តាមគម្រោង ការជីកស្ដារដំណាក់កាលនេះ គឺសម្រាប់សង្រ្គោះបឋមនូវមេត្រីពូជរាប់ពាន់ក្បាលដែលអាចនឹងបាត់បង់នារយៈពេលដ៏ខ្លីខាងមុខ ខណៈដែលទឹកឆាប់រីកស្ងួតខ្លាំងនារដូវប្រាំងនេះ។

ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង បានសាទរចំពោះការងារនេះ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ដែលបានសង្រ្គោះជីវៈចម្រុះក្នុងបឹងអភិរក្សនេះ ដើម្បីជាប្រយោជន៍សម្រាប់សហគមន៍ទាំងមូល។ តាមលោក គង់ មង្គល ក្នុងសំណើរដែលបានឯកភាពពីក្រសួងកសិកម្ម បានយល់ពីឲ្យមានការជីកស្ដារបឹងនេះ ក្នុងទំហំជាង២ពាន់ហិកតា និងមានជម្រៅ៤ម៉ែត្រ។ តែយ៉ាងណា ក្នុងដំណាក់កាលនេះ គឺមិនទាន់ជីកស្ដារទាំងអស់នោះទេ ដោយរង់ចាំពេលវេលាសមស្របណាមួយ។

គួរបញ្ជាក់ថា បឹងពារាំង ស្ថិតនៅប៉ែកខាងត្បូងក្រុងសៀមរាប និងមានភូមិសាស្រ្ដជាប់សង្កាត់ជ្រាវ និងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។ បឹងនេះ ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិដែលនៅជិតក្រុងសៀមរាប និងតែងសម្បូរទេសចរទៅកម្សាន្តមិនដាច់នោះទេ ពិសេសគឺការទស្សនាសត្វស្លាប៕