(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី សមាជិកសភាកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទូចដល់មន្ត្រីរាជការ និងអ្នក ដែលបានចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ១៩ រួចរាល់ហើយនោះ សូមរួសរាន់ទៅចាក់វ៉ាក់សាំង។

ការលើកឡើងរបស់អ្នកតំណាងរាស្ត្រវ័យក្មេងរបស់កម្ពុជារូបនេះ បានធ្វើឡើងពេលអញ្ជើញចុះពិនិត្យមើលក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលកំពុងចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ នៅតាមក្រសួងស្ថាប័ននានា នៅថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១នេះ។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ សំដៅធ្វើយ៉ាងណាឱ្យការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាចបានសម្រេចតាមផែនការ។

លោក ហ៊ុន ម៉ានី ក៏បានលើកឡើងដែរថា កិច្ចខិតខំប្រឹងប្រែងទាំងឡាយរបស់រាជរដ្ឋាភិបាល ដែលបានកៀរគរស្វែងរកវ៉ាក់សាំងពីគ្រប់ទិសទី តាមយន្តការនានាប្រកបដោយភាពបត់បែន គឺដើម្បីអាចឱ្យប្រជាពលរដ្ឋទូទាំងប្រទេសទទួលបានវ៉ាក់សាំងក្នុងកម្រិតមួយ។

លោកបានគូសបញ្ជាក់ថា វ៉ាក់សាំង គឺជាដំណោះស្រាយមួយដ៏ចាំបាច់សម្រាប់ការពារប្រជាជន និងសហគមន៍ទាំងមូលចៀសផុតពីការឆ្លងរាលដាលទ្រង់ទ្រាយធំណាមួួយ។

លោក ម៉ានី បានអំពាវនាវដល់អ្នកមានឈ្មោះក្នុងបញ្ជីត្រូវទទួលវ៉ាក់សាំងឱ្យរួសរាន់ទៅចាក់វ៉ាក់សាំង ដើម្បីការពារសុខភាពខ្លួន និងសហគមន៍។ លោកបានអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមអំពាវនាវដល់បងប្អូនដែលត្រូវមកទទួលវ៉ាក់សាំង សូមអញ្ជើញមកទទួលវ៉ាកសាំងឱ្យបានឆាប់រួសរាន់ដើម្បីទទួលបានខែលការពារខ្លួន ក៏ដូចជាសហគមន៍របស់យើងផងដែរ»។

សូមបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ កាលពីថ្ងៃទី០១ ខែមេសា កន្លងទៅនេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នៅទូទាំងប្រទេស ដោយកំណត់ជនគោលដៅត្រូវចាក់ប្រមាណ ៧៤៥,០០០នាក់។

រយៈពេល៣ថ្ងៃនៃយុទ្ធនាការនេះ មនុស្សជិត ១០ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ១៩ របស់ស៊ីណូវ៉ាក់៕