(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ បានប្រកាសផ្អាកជាបណ្តោះអាសន្នការចេញ-ចូលទីតាំងមួយផ្នែកនៃតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ (ទីតាំងនៅក្រុមទី៦,៧,១០,១១,១៦,១៧,១៨,១៩,២០,២១,២២,២៣, ២៤ និងក្រុមទី៣២) និងកំណត់ជាមណ្ឌលចត្តាឡីស័ករយៈពេល១៤ថ្ងៃ ក្រោយតំបន់នោះមានការរកឃើញវិជ្ជមានជាបន្តបន្ទាប់។

យោងតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា រដ្ឋបាលសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ទំនប់រលក ឱ្យបានជ្រាបថា «យោងតាមលទ្ធផលតេស្តវត្ថុសំណាក ដែលក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកពីប្រជាពលរដ្ឋនៅតំបន់ទំនប់រលក ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១មក គឺបានបញ្ជាក់ថា មានករណីវិជ្ជមានវីរុសកូវីដ១៩ ពាក់ព័ន្ធជាមួយមនុស្សនៅក្នុងតំបន់នោះជាបន្តបន្ទាប់»

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្តទៀត រដ្ឋបាលខេត្តសម្រេចបិទតំបន់នោះជាបន្ទាន់ ចាប់ពីត្រឹមទីស្នាក់ការកងរាជអាវុធហត្ថទំនប់រលក ទៅដល់រំដួលជើងភ្នំ (ក្រុមទី៦) និងចាប់ពីផ្លូវរថភ្លើង (ទាំងសងផ្លូវ) នៅខាងក្រោយសាលាសាគូរ៉ាមិត្តភាពកម្ពុជា ជប៉ុន រហូតដល់មាត់សមុទ្រ ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូលំតំបន់នោះបន្តទៀតឡើយ។

ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នឹងចុះស្រាវជ្រាវ សម្ភាសន៍អ្នកពាក់ព័ន្ធក្នុងទីតាំងនោះ ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះយកវត្ថុសំណាកពីអ្នករស់នៅក្នុងតំបន់នោះទាំងអស់ដើម្បីធ្វើតេស្តរកវីរុសកូវី៥-១៩។

ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្ម និងការលក់ដូរគ្រប់ប្រភេទរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់នោះជាបណ្តោះអាសន្ន និងកំណត់ជា មណ្ឌលចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែយកសំណាកតេស្ត និងធ្វើចត្តាឡីស័កគ្រប់ៗគ្នាឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងករណី បងប្អូនប្រជាពលរដ្ឋ មិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះអនុវត្តវិធានការតាមនីតិវិធីច្បាប់ជាធំរមាន។ អាស្រ័យហេតុនេះសូម បងប្អូនប្រជាពលរដ្ឋ អនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕