(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រា បានប្រកាសបរិច្ចាគថវិកាចំនួន ១.៤លានដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសនៃការប្រារព្ធខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់លើហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ យ៉ាងដូច្នេះ «ខ្ញុំសូមបរិចាកជូនកាកបាទក្រហមកម្ពុជាចំនួន ១.៤លានដុល្លារ សូមឧទ្ទិសផលបុណ្យនេះទៅឱ្យម្ដាយខ្ញុំដែលចែកឋានទៅ។ គ្រួសារខ្ញុំក៏ធ្លាប់ទទួលអំណោយពីកាកបាទក្រហមកម្ពុជាដែរ»

ជាមួយការប្រកាសបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា អ្នកឧកញ៉ាដែលជាប់ចំណាត់លេខ១ រឿងបរិច្ចាគថវិកាមនុស្សធម៌ បានរំលឹកពីប្រវត្តិសាវតារគ្រួសាររបស់ខ្លួនដែរថា គ្រួសារខ្លួនធ្លាប់ក្រីក្រដ៏ជូរចត់ រកអង្ករហូបមិនបានពេលលំបាកអត់អង្ករ ម្តាយរបស់លោកអង្គុយតែហូរទឹកភ្នែក។

លោកបានរៀបរាប់ជាមួយរូបថតដង្ហែសពម្តាយយ៉ាងដូច្នេះ «ម៉ែលំបាកតាំងពីខ្ញុំចាប់កំណើតរហូតដល់ស្លាប់។ ពេលខ្ញុំកើតមកម៉ែទាស់គ្មានទឹកដោះទេ ម៉ែតែងសុំគេឱ្យខ្ញុំបៅបានខ្លះ និងមានទាមួយក្បាលពងរាល់ថ្ងៃបងស្រីខ្ញុំរត់យកពងទាទៅដូរយកស្ករដើម្បីឆុងទឹកក្ដៅអោយខ្ញុំបៅ។ តែគួរឱ្យស្ដាយពេលកូនធូរធាម៉ែមិនអាចនៅជាមួយកូន»

អ្នកឧកញ៉ាមានកំណើតចេញពីកូនកសិករក្នុងខេត្តព្រៃវែង បានលើកឡើងដែរថា ជីវិតរបស់លោក គឺសេសសល់ពីភាពក្រីក្រ ហើយបិះបាត់បង់ជីវិតប៉ុន្មានដងហើយ។ ដូច្នេះលោកគ្មានភាពរុញរាក្នុងការជួយសង្គមឡើយ ពេលលោកមានលទ្ធភាព។ «ខ្ញុំធ្លាប់វេទនាហើយ ខ្ញុំធ្លាប់ក្រហើយថ្វីត្បិតតែខ្ញុំមិនរស់ក្នុងសម័យសង្រ្គាម តែខ្ញុំបានធ្វើសង្រ្គាមជាមួយក្រពះរបស់ខ្លួនឯងអស់រយៈពេលជិត៣០ឆ្នាំ»

អ្នកឧកញ៉ា កន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា ហើយតែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។

នៅក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។

សប្បុរសជនមានបំណងបរិច្ចាគមកទីស្នាក់ការកណ្តាល សូមទំនាក់ទំនង៖
១៖ លោកជំទាវ ពុំ ចន្ទីនី 012 921 105
២៖ លោកជំទាវ ម៉ែន នារីសោភ័គ 012 810 854
៣៖ ឯកឧត្តម ឌួង អេលីត 017 248 888