(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងលើកទី១ និងលើកទី២ ត្រូវតែធ្វើឡើងនៅទីតាំង និងកន្លែងដូចគ្នា។ ពោលបើកចាក់លើកទី១ នៅកន្លែងណា លើកទី២ ត្រូវតែចាក់នៅកន្លែងដដែលនោះ។

បើតាមលោកស្រី ឱ វណ្ណឌីន ការធ្វើបែបនេះដោយយោងលើហេតុផលសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១៖ ទិន្នន័យលោកអ្នកនៅទីនោះស្រាប់
២៖ វ៉ាក់សាំងលេីកទីពីរក៏បានរក្សាទុកនៅកន្លែងចាក់លេីកទី១ដែរ
៣៖ ការផ្ទៀងផ្ទាត់ចាំបាច់ត្រូវធ្វេីនៅកន្លែងចាក់លេីកទី១ ដេីម្បីបញ្ជាក់ថាអ្នកដែលបានចាក់លេីកទី១ បានមកចាក់លេីកទីពីរហេីយឫនៅ?
៤៖ ចៀសវាងភាពច្របូកច្របល់នឹងការផ្ទេវ៉ាក់សាំងចុះឡេីងពីកន្លែងមួយទៅកន្លែង ដែលធ្វេីឱ្យខូចវ៉ាក់សាំងទៅវិញ
៥៖ នៅកន្លែងចាក់លេីកទី១ គ្រូពេទ្យបានជម្រាបរួចហេីយ គួរតែលោកអ្នកដឹងថាខ្លួនត្រូវធ្វេីយ៉ាងណាហេីយ ដេីម្បីចាក់លេីកទីពីរបានត្រឹមត្រូវ។

ជាមួយការបញ្ជាក់លើបញ្ហាទីតាំងសម្រាប់ចាក់លើកទី១ និងលើកទី២ហើយនោះ លោកស្រី ឱ វណ្ណឌីន ក៏បានស្នើសុំទៅអភិបាលរាជធានី ខេត្ត ឱ្យជួយសម្រួលដល់អ្នកចាក់វ៉ាក់សាំងលើកទី១រួចហើយនោះ ឱ្យបានទៅចាក់វ៉ាក់សាំងលើកទី២នៅកន្លែងដដែល។

ការស្នើដូចនេះ បន្ទាប់ពីលោកស្រី បានទទួលសុំការសម្របសម្រួលពីប្រជាពលរដ្ឋមួយចំនួន ដែលបានមិនអាចចល័តទៅចាក់វ៉ាក់សាំងបាន ព្រោះបំរាមធ្វើដំណើរឆ្លងខេត្តរបស់រាជរដ្ឋាភិបាល។

លោកស្រី បានណែនាំថា រាល់អ្នកចាក់វ៉ាក់សាំងសុទ្ធតែមានបណ្ណបញ្ជាក់ពីការចាក់លើកទី១ ដូច្នេះអាជ្ញាធរអាចផ្ទៀងផ្ទាត់លើបណ្ណនេះ ដើម្បីអនុញ្ញាតឱ្យគាត់បានធ្វើដំណើរឆ្លងកាត់ ដើម្បីបានទៅចាក់វ៉ាក់សាំងលើកទី២៕