(បន្ទាយមានជ័យ)៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត បានថ្លែងសង្កត់ធ្ងន់ៗថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ អាជ្ញាធរក្រុងនឹងបិទទីតាំង KTV និងក្លឹបកម្សាន្តទាំងឡាយណា ដែលហ៊ានលួចល្មើស ក្នុងកំឡុងពេលហាមឃាត់ ពោលលែងឲ្យធ្វើកិច្ចសន្យាទៀតហើយ។

លោក គាត ហ៊ុល បានថ្លែងបញ្ជាក់ដូចនេះ នៅយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យតាមទីតាំង KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) និងអប់រំផ្សព្វផ្សាយដោយប្រើឧបករណ៍បំពងសម្លេង (មេក្រូ) ដើម្បីការពារដើម្បីកុំឱ្យឆ្លងនូវជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ។

ជាមួយគ្នានោះដែរ លោក គាត់ ហ៊ុល ក៏បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ ត្រូវបន្តប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះជំងឺកូវីដ១៩ ដែលដំណាក់កាលនេះ កំពុងផ្ទុះកើន ទ្បើងជាបន្តបន្ទាប់ ទាមទារឲ្យប្រជាពលរដ្ឋត្រូវរក្សាអនាម័យ ឲ្យបានជាប្រចាំបើមិនចាំបាច់សូមកុំចេញក្រៅផ្ទះ បើចេញសូមមេត្តាពាក់ម៉ាស់ ត្រៀមអាល់កុល ឬជែល សម្លាប់មេរោគជាប់ខ្លួនជាប្រចាំ ចៀសវាងពីការចម្លងពីជម្ងឺដ៏កាចសាហាវនេះ មួយវិញទៀតកាត់បន្ថយរាល់ការជួយជុំផ្សេងៗ ត្រូវរក្សាគម្លាតសង្គមយ៉ាងតិច១,៥ម៉ែត្រពីគ្នា៕