(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រគល់ថវិកាចំនួន១២១,៦០០,០០០រៀល របស់មូលនិធិ ហោ ណាំហុង-បូរី ហោ ដល់ជូនជនពិការភ្នែក ពិការកាយសម្បទា និងអត្តពលិករ៉ាឡាំពិកកម្ពុជា ចំនួន៣០៤នាក់។

ការប្រគល់ថវិកានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអនុញ្ញាតឱ្យតំណាងពិការភ្នែកចំនួន ១២០នាក់ ពិការកាយសម្បទា ចំនួន១០០នាក់ និងអត្តពលិក ជនពិការ របស់គណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជាចំនួន៨៤នាក់ សរុបចំនួន៣០៤នាក់ ដឹកនាំដោយលោកស្រី ញ៉ែម មរកត ប្រធានកិត្តិយស នៃសមាគមតន្ត្រីសំនៀងជនពិការ និងអ្នកតំណាង ចូលជួបសម្តែងការគួរសម ជួបសំណេះសំណាល និងសួរសុខទុក្ខ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥។

សម្រាប់ថវិកាដែលមូលនិធិ ហោ ណាំហុង-បូរី ហោ បានឧបត្ថម្ភថវិកាសរុបអស់ចំនួន ១២១,៦០០,០០០រៀលនេះ គឺក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៤០០,០០០រៀល។

ឆ្លៀតឱកាសនេះ ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យបងប្អូនពិការខិតខំអនុវត្តន៍ អនាម័យការរស់នៅឱ្យបានល្អ ឧស្សាហ៍លាងដៃជាមួយសាប៊ូ និងអាល់កុល ហើយអនុវត្តន៍វិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជៀសវាងការប៉ះពាល់ជំងឺដ៏កាចសាហាវកូវីដ-១៩៕