(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅសប្តាហ៍ក្រោយនេះ។

ក្នុងសាលិខិតជូនពរនេះ សម្តេចប្រធានព្រឹទ្ធសភា បានលើកឡើងថា សម្តេចតេជោ គឺជាអគ្គមគ្គទេសក៍ដ៏ឆ្នើមក្នុងការដឹកនាំកម្ពុជាប្រកបដោយគតិបណ្ឌិត ដោយមិនខ្លាចនឿយហត់ ពុះពាររាល់ការលំបាកគ្រប់បែបយ៉ាង គ្រប់កាលៈទេសៈ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិក្នុងកិច្ចការពារឯករាជ្យជាតិ អធិបតេយ្យភាព បម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេសប្រកបដោយ ទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាជន។

ទន្ទឹមនេះ សម្តេចតេជោ ជារដ្ឋបុរសដ៏ឆ្នើម ដែលបាននាំមកនូវសន្តិភាពពេញលេញ ស្ថិរភាព ឯកភាពទឹកដី ឯករាជ្យភាព វឌ្ឍនភាព វិបុលភាព និងកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។ សម្តេចតេជោ ត្រូវបានប្រជាជនគោរព ស្រឡាញ់ គាំទ្រ ព្រោះជានិច្ចកាលសម្តេចតែងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈលំបាក ដូចបច្ចុប្បន្ននេះសម្តេចបាននិងកំពុងបំពេញតួនាទី ដោយការទទួលខុសត្រូវខ្ពស់បំផុត និងនៅជាប់ជាមួយប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិ ទាំងឡាយលើលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមមេត្តាតាមជួយបីបាច់ថែរក្សាជ្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមមានជន្មាយុយឺនយូរជួបប្រទះសេចក្តីសុខចម្រើន ជោគជ័យគ្រប់ភារកិច្ច មានសុខុមាលភាពល្អបរិបូរណ៍ ពលានុភាពមាំមួន ខ្លាំងក្លាបញ្ញាញាណភ្លឺថ្លា និងសូមប្រកបដោយ ពុទ្ធពរដ៏ប្រពៃ ថ្លៃថ្លាបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីដឹកនាំប្រទេសជាតិលើវិថីសន្តិភាពឆ្ពោះទៅការអភិវឌ្ឍ និងភាពសម្បូរណ៍ សប្បាយតរៀងទៅ៕