(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យទីតាំងចំនួនពីរបន្ថែមទៀត រួមមាន វិទ្យាល័យជាស៊ីម សាមគ្គី និងអគារម៉ូឌែន នៅចាក់អង្រែ ដើម្បីតៀមកន្លែងសម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ១៩។

រដ្ឋមន្ដ្រីសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា «ទីតាំងទាំងពីរខាងលើនេះ នឹងអាចដាក់អ្នកជំងឺកូវីដ១៩ បានចំនួនជាង៥០០គ្រែ។ លើសពីនោះ យើងនឹងរកទីតាំងបន្ថែម បើសិនចំនួនអ្នកជំងឺបន្ដកើនឡើង»។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ទោះករណីវិជ្ជមាន មានច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ក៏ប៉ុន្ដែបើប្រជាពលរដ្ឋ បន្ដប្រកាន់ខ្ជាប់នូវ ៣ការពារ ៣កុំ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នោះនឹងចៀសផុត និងកាត់ផ្ដាច់ការចម្លងជំងឺពីគ្នាទៅវិញទៅមក ។លើសពីនោះ សូមអញ្ជើញទៅចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា ទៅតាមគោលដៅដែល រាជរដ្ឋាភិបាលយើង បានរៀបចំជូន ជាបន្ដបន្ទាប់, សូមកុំរុញរាន សូមអញ្ជើញទៅចាក់វ៉ាក់សាំង តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋានផងដែរ»

ជាងនេះទៅទៀត បើមិនចាំបាច់ទេ សូមប្រជាពលរដ្ឋនៅផ្ទះ ព្រោះការនៅផ្ទះអត់មានប៉ះពាល់ជាមួយអ្នកដទៃ គ្មានហានិភ័យឆ្លងជំងឺកូវីដ១៩ ពីគេមកខ្លួននិងចម្លងមកគ្រួសារយើង បានន័យថាយើងមានសុវត្ថិភាពពីជំងឺចង្រៃកូវីដ១៩ លើកលែងតែយើងមានភារកិច្ចចាំបាច់ តែកុំភ្លេចប្រកាន់ខ្ជាប់ ៣ការពារ និង៣កុំ។

រដ្ឋមន្ដ្រីសុខាភិបាល បានបញ្ជក់បន្ថែមថា «សម្រាប់មន្ដ្រីបុគ្គលិក សុខាភិបាលយើង រួមទាំងអាជ្ញាធរមូលដ្ឋាន និងមន្ដ្រីគ្រប់ផ្នែកទាំងអស់ នឹងបន្ដខិតខំប្រឹងប្រែងដោយភាពទទួលខុសត្រូវខ្ពស់ ជាពិសេសរួមកម្លាំងគ្នា ទាំងយប់ថ្ងៃឱ្យអស់លទ្ធភាព ដើម្បីប្រជាជនយើង ពិសេសអនុវត្ដតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា»

សូមជម្រាបថា នៅរសៀលនេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង នឹងចុះពិនិត្យទីតាំងផ្សេងបន្ថែមទៀត ដើម្បីត្រៀមលក្ខណៈជាស្រេចបើករណីវិជ្ជមានកូវីដ១៩ នៅបន្ដកើនឡើង៕