(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥។

ក្នុងសារលិខិតនោះមានខ្លឹមសារថា «ក្នុងឱកាសដ៏មង្គលសួស្តីប្រសើរថ្លៃថ្លា ប្រកបដោយមហានក្ខត្ដឫក្ស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ជាបឋមសូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរ ជូន សម្ដេចអគ្គមហាពញាចក្រី និង សម្តេចធម្មវិសុទ្ធវង្សា សូមមានសុខភាពល្អបរិបូរណ៍ កាយពលរឹងមាំ បញ្ញាភ្លឺថ្លាឈ្លាសវៃ និងមានជន្មាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំមាតុភូមិកម្ពុជា ជាទីស្រឡាញ់បំផុតនៃយើង កាន់តែសម្បូរសប្បាយថ្កុំថ្កើងរុងរឿង ជានិច្ចនិរន្តរ៍តរៀងទៅ»។

ក្នុងវរោកាសវិសេសវិសាលនេះ «នាងខ្ញុំសូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ប្រពៃ និងសកម្មភាពដ៏ឧត្តុង្គឧត្តម របស់ សម្ដេចអគ្គមហាពញាចក្រី និង សម្តេចធម្មវិសុទ្ធវង្សា ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត និងបញ្ញាស្មារតី ព្រមទាំងបទពិសោធន៍ ប្រកបដោយគំរូវីរភាពដ៏ត្រចះត្រចង់ក្នុងការបំពេញបេសកកម្មរួមចំណែកពង្រឹងនីតិរដ្ឋ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស សេចក្ដីថ្លៃថ្នូរជាមូលដ្ឋាន ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ការកសាងសមិទ្ធផលសង្គម ដើម្បីជាឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ឲ្យកាន់តែមានការរីកចម្រើនជឿនលឿន គួរជាទី មោទកភាពយ៉ាងក្រៃលែង»។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ «នាងខ្ញុំ និងសហការី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ព្រះនាម មណ្ឌាទេវី សូមអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់យ៉ាង ជូន សម្ដេចអគ្គមហាពញាចក្រី និង សម្តេចធម្មវិសុទ្ធវង្សា ព្រមទាំង បុត្រា បុត្រី បុត្រប្រសា ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានសមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លា ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូន សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា៖