(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥។

ក្នុងសារលិខិតនោះមានខ្លឹមសារថា «ក្នុងឱកាសដ៏មង្គលសួស្តីប្រសើរថ្លៃថ្លា ប្រកបដោយមហានក្ខត្ដឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមគោរពជូនសព្ទសាធុការពរ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរ ជូន សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាភ្លឺថ្លាឈ្លាសវៃ កាយពលរឹងមាំក្លៀវក្លា ចម្រើនជន្មាទីឃាយុយឺនយូរ ក្នុងការរួមចំណែកការពារសន្តិភាព សុវត្ថិភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យឲ្យកាន់តែសម្បូរសប្បាយ ស្ថិតស្ថេរជានិច្ចនិរន្តរ៍តរៀងទៅ»។

ក្នុងអភិសម័យដ៏វិសេសវិសាលនេះ «ខ្ញុំ និងសហការី សូមគោរពថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះ សម្ដេចក្រឡាហោម ដែលបានយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ព្រមទាំងបទពិសោធន៍ជ្រៅជ្រះ ក្នុងការដឹកនាំក្រសួងមហាផ្ទៃមានការអភិវឌ្ឍរីកចម្រើនផ្លាស់ប្តូរមុខមាត់ជាច្រើន ក្នុងការបង្ក្រាបគ្រឿងញៀន ការទប់ស្កាត់បាននូវសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងសកម្មភាពល្មើសច្បាប់ផ្សេងៗ ទទួលជោគជ័យដ៏ត្រចះត្រចង់។ លើសពីនេះទៀត សម្ដេចក្រឡាហោម តែងបានចូលរួមដឹកនាំលើកកម្ពស់ក្នុងការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិ ជូនប្រជាពលរដ្ឋបានកាន់តែប្រសើរ រក្សាបាននូវសុវត្ថិភាពសណ្តាប់ធ្នាប់សង្គម ការពារអាយុជីវិតមនុស្ស លុបបំបាត់អំពើអសកម្មនានា ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តលើរាជរដ្ឋាភិបាល ក្រោមម្លប់ដ៏ត្រជាក់ នៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត»។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ «ខ្ញុំ និងសហការី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ព្រះនាម មណ្ឌាទេវី សូមអភិបាលប្រោះព្រំសព្ទសាធុការពរជ័យ ជូន សម្ដេចក្រឡាហោម និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លា ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូន សម្តេចក្រឡាហោម និងលោកជំទាវ៖