(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការខ្វាយខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាចរិតលក្ខណៈធម្មជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលការលះបង់ដ៏ធំធេងទាំងក្នុងគ្រាកន្លងមក រហូតមកដល់បច្ចុប្បន្ន គឺបានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនដែលទៅណាចោលប្រជាជនកម្ពុជាឡើយ។

ការលើកឡើងបែបនេះរបស់ លោក ហ៊ុន ម៉ានី បានធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា បានជួបនូវវិបត្តិជាប់ៗគ្នា ទាំងវិបត្តិបង្កឡើងដោយសារធម្មជាតិ ជាពិសេសព្រឹត្តិការណ៍ប្រទេសកម្ពុជា បានផ្ទុះរាតត្បាតជំងឺកូវីដ-១៩ ខណៈរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានខិតខំជ្រែងជើងទប់ទល់ជំងឺដ៏កាចសាហាវនេះ ដោយបានគៀងគរថវិកា ព្រមទាំងរកគ្រប់មធ្យោបាយដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ដើម្បីចាក់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ ដោយមិនរុញរា។

តាមរយៈ Facebook ផ្លូវការនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងកាលៈទេសៈដ៏លំបាកនេះ ប្រមុខរាជរដ្ឋាភិបាលនៅតែបន្តនៅជាប់ជាមួយប្រជាពលរដ្ឋ ដោយមិនបង្អាក់បង្អន់អ្វីឡើយ។ ការខ្វាយខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាចរិតលក្ខណៈធម្មជាតិរបស់សម្តេចតេជោ ដែលការលះបង់ដ៏ធំធេងទាំងក្នុងគ្រាកន្លងមក រហូតមកដល់បច្ចុប្បន្នគឺបានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនដែលទៅណាចោលប្រជាជនកម្ពុជាឡើយ»

លោក ហ៊ុន ម៉ានី បានឱ្យដឹងថា ជាក់ស្តែង វិធានការណ៍នានាដែលបានដាក់ចេញជាបន្តបន្ទាប់ ប្រកបដោយការគិតគូរពិចារណា ថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ បានបង្ហាញពីភាពរឹងមាំ ម្ចាស់ការ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងភាពជាអ្នកដឹកនាំចំពោះស្ថានការណ៍ដ៏អាក្រក់ដែលប្រទេសជាតិកំពុងជួបប្រទះ។

អ្នកតំណាងរាស្ត្រវ័យក្មេងរូបនេះ បានបញ្ជាក់ថា «ទោះជាយ៉ាងណាក្តី ការដាក់ចេញនូវវិធានការណ៍ទងឡាយ ចាំបាច់ណាស់ទាមទារការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ ការអង្វរករបស់ប្រមុខរាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ពិតណាស់គឺដើម្បីការពារអាយុជីវិតផ្ទាល់របស់បងប្អូន។ ប្រសិនបើគ្មានការចាំបាច់ និងហានិភ័យខ្ពស់បំផុត លោកក៏មិនចង់ចាត់វិធានការណ៍តឹងរឹងណាមួយដែរ»

លោកបានបន្ថែមថា ការចូលរួម និងរំលែកក្តីកង្វល់របស់ថ្នាក់ដឹកនាំ គឺជាករណីយកិច្ចរបស់យើងជាប្រជាពលរដ្ឋម្នាក់ៗ។ ដូច្នេះ សូមបងប្អូនអនុវត្តវិធានការណ៍ទាំងឡាយឱ្យបានមានប្រសិទ្ធភាពខ្ពស់បំផុត និងសូមបន្តប្រកាន់នូវវិធានសុខាភិបាល «៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន។

បើគិតត្រឹមព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណជិត ១លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ រួចរាល់។ ខណៈកម្ពុជាមានប្រជាជនសរុបជាង១៦លាននាក់ ហើយចាក់បវ៉ាក់សាំងបាន ១លាននាក់ អាចចាត់ទុកថាជាដំណើរការមួយលឿន។ បើគ្មានអ្វីប្រែប្រួលទេវ៉ាក់សាំងជាង១១លានដូស នឹងមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។

របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានគិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេសសរុបចំនួន ៨៩៥,៣០៩នាក់។

ក្នុងនោះ ក្រសួងសុខាភិបាល ចាក់បានចំនួន ៦៧៨,៤០៦នាក់ ហើយក្រសួងការពារជាតិ ចាក់បានចំនួន ២១៦,៩០៣នាក់៕